(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA កំពុងតែរៀបចំគំរោងនៅក្នុងការបញ្ជូនឧទ្ធម្ភាគចក្រខ្នាតតូចមួយគ្រឿង ទៅកាន់ភពព្រះអង្គារ នៅអំឡុងខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពីការបាញ់បង្ហោះដោយជោគជ័យ នូវយានរុករក InSight កាលពីដើមខែឧសភា ឆ្នាំ២០១៨។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី១២ ខែឧសភា ឆ្នាំ២០១៨។
យោងតាមសេចក្តីប្រកាសក្តៅៗរបស់អង្គការ NASA ឧទ្ធម្ភាគចក្រដែលគ្រោងនឹងបាញ់បង្ហោះនៅឆ្នាំ២០២០ ខាងមុខនេះ គឺជាគ្រឿងយន្តហោះហើរខ្នាតតូច ដែលអាចបណ្តែតខ្លួនវានៅក្នុងខ្យល់អាកាសរបស់ភពអង្គារ ហើយវាក៏ជាគ្រឿងយន្តក្នុងការធ្វើតេស្តផងដែរថា តើអាចមានយន្តហោះណា មានសមត្ថភាពធ្វើការហោះហើរ នៅក្នុងបរិយាកាសភពអង្គារ ដែលស្តើងជាងបរិយាកាសផែនដីរហូតដល់ទៅជិត ១០០ដងនោះ បានដែរឬទេ។
គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រកូនកាត់ខ្នាតតូចខាងលើនេះ មានឈ្មោះថា MH (Mars Helicopter) គឺនឹងក្លាយជាជោគជ័យធំមួយទៀតរបស់អង្គការ NASA នៅថ្ងៃអនាគត ដើម្បីធ្វើការសិក្សាក្នុងវិធីថ្មីប្លែកមិនធ្លាប់មាន នោះគឺការហោះក្នុងបរិយាកាស មិនខុសពីឧទ្ធម្ភាគចក្រ ឬដ្រូនហោះនៅក្នុងបរិយាកាសផែនដីនោះឡើយ ព្រោះវានឹងអាចចល័តក្នុងខ្យល់ទៅកាន់តំបន់ផ្សេងៗ ដែលមានស្ថានភូមិសាស្ត្រលំបាកៗ ដែលយានរុករកលើដីមិនអាចចល័តទៅដល់៕