(គូឡាឡាំពួរ)៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) និងភរិយាលោកស្រី រ៉ូស្មាហ៍ មែនស័រ (Rosmah Mansor) ត្រូវបានកត់បញ្ចូលឈ្មោះទៅក្នុងបញ្ជីខ្មៅ (ការហាមឃាត់ការធ្វើដំណើរចេញក្រៅប្រទេសជាបណ្តោះអាសន្ន) ហើយដោយប្រការនេះមានន័យថា លោកនិងក្រុមគ្រួសារមិនអាចចាកចេញទៅប្រទេសឥណ្ឌូណេស៊ី តាមការគ្រោះទុកនោះឡើយ។ នេះបើតាមសេចក្ដីថ្លែងការណ៍ នៃអាជ្ញាធរអន្តោប្រវេសន៍ម៉ាឡេស៊ី ដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី១២ ខែឧសភា ឆ្នាំ២០១៨។
សេចក្ដីថ្លែងការណ៍របស់នាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ី ត្រូវបានចេញផ្សាយបន្ទាប់ពីលោក ណាជីប រ៉ាហ្សាក់ បានបង្ហោះនៅលើ Facebook ឲ្យដឹងថា លោក និងក្រុមគ្រួសារនឹងធ្វើដំណើរកម្សាន្តខ្លីមួយនៅឯក្រៅប្រទេស ដោយចាប់ផ្ដើមពីថ្ងៃសៅរ៍នេះទៅ ហើយថានឹងត្រឡប់មកវិញនៅសប្ដាហ៍ក្រោយ។ បន្ថែមពីលើនេះ បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ឈ្មោះរបស់ លោក ណាជីប និងភរិយាក្នុងនាមជាអ្នកដំណើរមាននៅក្នុងបញ្ជីជើងហោះហើរ ចាកចេញពីអាកាសយានដ្ឋានមួយក្បែរទីក្រុងគូឡាឡាំពួរ ឆ្ពោះទៅកាន់ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី នៅម៉ោង ១០៖០០នាទីព្រឹក (ម៉ោងនៅក្នុងតំបន់)។
លោក ណាជីប ផ្ទាល់ក៏បានសរសេរនៅលើ Twitter ដូច្នេះដែរថា «បន្ទាប់ពីចំណាយពេលអស់ ០៤ទសវត្សរ៍ នៅក្នុងនយោបាយ និងយុទ្ធនាការឃោសនាបោះឆ្នោត ដែលខ្ញុំផ្ទាល់មានការសោកស្ដាយ ឬ ប្រហែលជាការសោកស្ដាយជាខ្លាំងនៅក្នុងម៉ាឡេស៊ី ខ្ញុំនឹង សម្រាករយៈពេលខ្លី ដើម្បីចំណាយពេលជាមួយគ្រួសាររបស់ខ្ញុំដែលខ្ញុំមិន បាននៅក្បែរពួកគេគ្រប់គ្រាន់នារយៈពេលប៉ុន្មានឆ្នាំមក នេះ»។
សូមជម្រាបថា លោក ណាជីប បានបាត់បង់តំណែងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដោយចាញ់គូប្រជែងរបស់លោកគឺលោក មហាធា ម៉ូហាម៉ាដ (Mahathir Mohamad) នៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី០៩ ខែឧសភា។ ចំណែកឯ សេចក្ដីរាយការណ៍ថាលោក ណាជីប គ្រោងចាកចេញពីម៉ាឡេស៊ី កើតឡើងនៅចំពេលដែលនាយរដ្ឋមន្ត្រីថ្មី សន្យាថានឹងបើកការស៊ើបអង្កេតលើសំណុំរឿងពុករលួយពាក់ព័ន្ធនឹងមូលនីតិរដ្ឋ 1Malaysia Development Berhad (1MDB) ដែលលោក ណាជីប ផ្ទាល់ជាអ្នកបង្កើត។ លោក ណាជីប ធ្លាប់បដិសេធជាច្រើនដង ថាលោកបានប្រព្រឹត្តកំហុសអ្វីដូចការចោទប្រកាន់នោះទេ៕