(ប៉េកាំង)៖ កងទ័ពអាកាសនៃកងទ័ពរំដោះប្រជាជនចិន (PLA) នៅថ្ងៃសុក្រសប្ដាហ៍នេះ បានដឹកនាំការធ្វើសមយុទ្ធល្បាត នៅក្បែរកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំង អះអាងថា ជាដែនដីរបស់ខ្លួន។ ប៉ុន្តែសមយុទ្ធនេះទៀតសោតត្រូវបានគេមើលឃើញថា ជាសារព្រមានមួយផ្ញើទៅកាន់ទីក្រុងតៃប៉ិ ឱ្យបំភ្លេចចោលគំនិតចង់បានឯករាជ្យពីចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែឧសភា ឆ្នាំ២០១៨។
យោងតាមអ្នកនាំពាក្យកងទ័ពអាកាស PLA លោក ហ្សេន ជីនកេ (Shen Jinke) យន្ដហោះចម្បាំង Su-35 បានធ្វើការហោះហើរពីលើតំបន់ដែនទឹក បាហ្ស៊ី (Bashi) ជាលើកដំបូងជាមួយយន្ដហោះទម្លាក់គ្រាប់បែកធុន H-6Ks សំដៅបង្កើនសមត្ថភាពល្បាតរបស់ខ្លួន។ អ្នកនាំពាក្យរូបនេះបន្ថែមថា យន្ដហោះប្រកាសអាសន្ន KJ-2000 និងយន្ដហោះចម្បាំង Su-35 ព្រមទាំងយន្ដហោះ J-11 និងយន្ដហោះចម្បាំងជាច្រើន គ្រឿងផ្សេងទៀតក៏បានចូលរួមសមយុទ្ធហោះហើរ ពីលើតំបន់ដែនទឹក Bashi និងច្រកសមុទ្រ មីយ៉ាកុ (Miyako) ផងដែរ។
គួរបញ្ជាក់ថា បើតាមលោក Shen Jinke យន្ដហោះចម្បាំងខាងលើ នឹងបន្តធ្វើសមយុទ្ធ និងល្បាតនៅក្បែរកោះតៃវ៉ាន់ ក្នុងគោលបំណងបង្កើនសមត្ថភាព និងទំនុកចិត្ត នៅក្នុងការការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីចិន៕