(ញូដេលី)៖ ក្មេងស្រីវ័យជំទង់ទីបីហើយត្រូវបានជនពាលចាប់រំលោភ និងដុតសម្លាប់ចោលតែម្តងនៅប្រទេសឥណ្ឌា ខណៈសកម្មជនការពារសិទ្ធិមនុស្ស និងប្រឆាំងការរំលោភបំពានផ្លូវភេទ កំពុងតែអំពាវនាវយ៉ាងក្តៅគគុក ឲ្យអាជ្ញាធរចាត់វិធានការរឹតបន្តឹងច្បាប់ឲ្យបានខ្លាំងក្លា និងចាប់ជនសង្ស័យដែលរត់រួចខ្លួនដល់ មកធ្វើការផ្តន្ទាទោសឲ្យខាងតែបាន។ នេះបើតាមការចេញផ្សាយដោយ Channel News Asia ដកស្រង់ពី AFP នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែមេសា ឆ្នាំ២០១៨។
ក្មេងស្រីដែលជាជនរងគ្រោះទីបីខាងលើនេះ មានអាយុទើបតែ ១៦ឆ្នាំប៉ុណ្ណោះ ត្រូវបានបុរសម្នាក់វ័យ ២៦ឆ្នាំ ធ្វើការចាប់រំលោភ និងដុតសម្លាប់ចោលទាំងរស់តែម្តង។ បន្ថែមពីនេះស្ត្រីចំនួនពីររូបទៀត ក៏បានបាត់បង់ជីវិតផងដែរ ដោយសារតែករណីរំលោភ និងសម្លាប់ស្រដៀងគ្នានេះ នៅក្នុងរដ្ឋហ្សាខាន់ (Jharkhand) ក្នុងរយៈពេលតែ ១សប្តាហ៍តែប៉ុណ្ណោះ។
ដោយឡែកក្មេងស្រីដែលទើបរងគ្រោះចុងក្រោយនេះ គឺរស់នៅក្នុងស្រុក សាហ្គារ (Sagar) នៃរដ្ឋម៉ាដយ៉ាប្រាដែស (Madhya Pradesh) ដោយក្មេងស្រីវ័យ ១៦ឆ្នាំរូបនេះបានស្នាក់នៅផ្ទះម្នាក់ឯកាលពីថ្ងៃសុក្រង រួចក៏ត្រូវបានជនដៃដល់ចូលមករំលោភបានសម្រេច។ ក្រោយពីរំលោភរួចនាងប្រាប់ជនដៃដល់ថា ខ្លួននឹងប្រាប់គ្រួសារពីរឿងនេះ ដែលជាហេតុធ្វើឲ្យជនដៃដល់ខឹងរួចក៏បានដុតនាងសម្លាប់ចោលតែម្តង។ នេះបើតាមការបញ្ជាក់ព័ត៌មានបឋមពីមន្ត្រីប៉ូលិសឥណ្ឌា ប្រាប់សារព័ត៌មានក្នុងតំបន់៕