(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានសន្យាថា សហរដ្ឋអាមេរិកនឹងជួយកសាងសេដ្ឋកិច្ចកូរ៉េខាងជើងឡើងវិញ បើសិនជារបបដឹកនាំ ទីក្រុងព្យុងយ៉ាងយល់ព្រមរំសាយអាវុធនុយក្លេអ៊ែររបស់ខ្លួនទាំងស្រុង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែឧសភា ឆ្នាំ២០១៨។
លោក ប៉ុមប៉េអូ ធ្វើការសន្យាបែបនេះបន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី កាង គ្យុងវ៉ា (Kang Kyung-wha) នៅក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅសហរដ្ឋអាមេរិក)។ ថ្លែងនាឱកាសនោះ លោករដ្ឋមន្ត្រីការបរទេសអាមេរិកបានលើកឡើងដូច្នេះថា «បើសិនជាកូរ៉េខាងជើងយល់ព្រមរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង សហរដ្ឋអាមេរិកត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការងារជាមួយកូរ៉េខាងជើង សំដៅសម្រេចឱ្យបាននូវភាពរីកចំរើនប្រសើរដូចកូរ៉េខាងត្បូង»។ ប៉ុន្តែទន្ទឹមគ្នា លោក ប៉ុមប៉េអូ ក៏បានព្រមានដែរថា សហរដ្ឋអាមេរិកនឹងបន្តដាក់ទណ្ឌកម្មលើទីក្រុងព្យុងយ៉ាង រហូតដល់កូរ៉េខាងជើងបោះបង់ចោលអាវុធនុយក្លេអ៊ែរ។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងត្រូវជួបប្រជុំជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងជំនួបជាប្រវត្តិសាស្ត្រមួយ ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងប្រទេសសិង្ហបុរីនៅថ្ងៃទី១២ ខែមិថុនាខាងមុខនេះ៕