(គូឡាឡាំពួរ)៖ អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ បាននិយាយថា លោកចង់សម្រាក​រយៈពេលខ្លី​ ដើម្បីចំណាយ​ពេលជា​មួយគ្រួសារ​របស់លោក តែមួយរយៈខ្លីប៉ុណ្ណោះបន្ទាប់​ពីមានសេចក្ដីរាយការណ៍​ថា ឈ្មោះរបស់គាត់​មាននៅលើ​បញ្ជីជើង​ហោះហើរ យន្ដហោះឯកជន​មួយឆ្ពោះ​ទៅកាន់ទីក្រុង​ហ្សការតា ប្រទេស​ឥណ្ឌូណេស៊ី នៅព្រឹក​ថ្ងៃសៅរ៍នេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន Reuters​ នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែឧសភា ឆ្នាំ២០១៨។​

យោងតាមប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុងស្រុក ឈ្មោះរបស់​លោក ណាជីប និងភរិយា​ក្នុងនាមជាអ្នកដំណើរ​មាននៅក្នុងបញ្ជី​ជើងហោះហើរ ចាកចេញ​ពីអាកាសយានដ្ឋាន​មួយ​ក្បែរទីក្រុង​គូឡាឡាំពួរ ឆ្ពោះទៅកាន់​ទីក្រុង​ហ្សាកាតា ប្រទេសឥណ្ឌូណេស៊ីនៅម៉ោង ១០៖០០នាទី​ព្រឹក (ម៉ោង​នៅ​ក្នុងតំបន់)។

ដោយឡែក ជុំវិញ​សេចក្ដី​រាយការណ៍​ដែរ លោក ណាជីប ផ្ទាល់បាន​សរសេរ​នៅ​លើ Twitter ដូច្នេះថា «បន្ទាប់ពី​ចំណាយពេលអស់ ០៤ទសវត្សរ៍ នៅក្នុង​នយោបាយ និងយុទ្ធនាការ​ឃោសនា​បោះឆ្នោត ដែលខ្ញុំផ្ទាល់​មានការ​សោកស្ដាយ ឬ ប្រហែល​ជាការសោកស្ដាយ​ជាខ្លាំងនៅក្នុង​ម៉ាឡេស៊ី ខ្ញុំនឹងសម្រាក​រយៈពេលខ្លី​ ដើម្បីចំណាយពេល​ជាមួយគ្រួសារ​របស់ខ្ញុំដែលខ្ញុំមិន​ បាននៅក្បែរ​ពួកគេគ្រប់គ្រាន់​នារយៈពេល​ប៉ុន្មាន​ឆ្នាំមកនេះ»។

គួរបញ្ជាក់ថា លោក ណាជីប បានបាត់បង់​តំណែងជានាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ដោយចាញ់​គូប្រជែងរបស់លោក​គឺលោក មហាធា ម៉ូហាម៉ាដ (Mahathir Mohamad) នៅក្នុងការបោះឆ្នោត​សកលកាលពី​ថ្ងៃទី០៩ ខែឧសភា។ ប៉ុន្តែ​សេចក្ដីរាយការណ៍​ថា លោក ណាជីប គ្រោង​ចាកចេញ​ពី​ម៉ាឡេស៊ី កើតឡើង​នៅចំពេល​ដែលនាយរដ្ឋមន្ត្រី​ថ្មី សន្យាថា នឹងបើកការស៊ើប​អង្កេតលើសំណុំរឿង​ពុករលួយ ពាក់ព័ន្ធនឹងមូល​នីតិរដ្ឋ 1Malaysia Development Berhad (1MDB) ដែលលោក ណាជីប ផ្ទាល់​ជាអ្នក​បង្កើត។ លោក ណាជីប ធ្លាប់បដិសេធជាច្រើនដង ថាលោក​បានប្រព្រឹត្ត​កំហុសអ្វីដូចការ​ចោទប្រកាន់​នោះ​ទេ៕