(សឹង្ហបុរី)៖ កិច្ចប្រជុំកំពូលដែលនឹងធ្វើឡើង នាពេលខាងមុខនេះ រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកំពូលកូរ៉េខាងជើង លោក Kim Jong Un នឹងក្លាយជា «ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងសំខាន់បំផុត», នេះបើតាមសម្តី លោកនាយករដ្ឋមន្ត្រីសឹង្ហបុរី ប្រាប់ទៅកាន់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ នៅថ្ងៃសុក្រនេះ ហើយត្រូវបានចុះផ្សាយឲ្យដឹងដោយសារព័ត៌មាន Channel News Asia នាយប់ថ្ងៃទី១១ ខែឧសភានេះ។
លោកនាយករដ្ឋមន្ត្រីសឹង្ហបុរី បានឲ្យដឹងថា លោកស្វាគមន៍លោក ដូណាល់ ត្រាំ ចំពោះការមកកាន់សឹង្ហបុរី សម្រាប់កិច្ចប្រជុំកំពូល នៅថ្ងៃទី១២ ខែមិថុនា ហើយលោកថា សឹង្ហបុរី ពិតជាមានកិត្តិយសណាស់ ក្នុងការធ្វើជាម្ចាស់ផ្ទះ ហើយនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីរៀបចំកិច្ចប្រជុំកំពូលនេះឲ្យបានល្អ និងទទួលបានលទ្ធផលជោគជ័យ។
នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះដែរ លោក ដូណាល់ ត្រាំ បានថ្លែងអំណរគុណ ចំពោះលោក លី នាយករដ្ឋមន្រ្តីសឹង្ហបុរី សម្រាប់ការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលនេះ។
លោក លី ក៏បានអញ្ជើញលោក ដូណាល់ ត្រាំ ឲ្យធ្វើដំណើរទស្សនៈកិច្ច មកកាន់សឹង្ហបុរីម្តងទៀត នៅខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្រាប់បំពេញទស្សនកិច្ចជាផ្លូវការ ដោយដំណើរ ទស្សនកិច្ចនេះ នឹងស្របពេលដែលមានកិច្ចប្រជុំកំពូល លើកទី៦ អាស៊ាន-អាមេរិក និងកិច្ចប្រជុំកំពូលលើកទី១៣ អាស៊ីខាងកើត៕