(បរទេស)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានប្រកាសដកខ្លួនចេញពីផែនការសកម្មភាព JCPOA កាលពីល្ងាចថ្ងៃអង្គារកន្លងទៅនេះ ដោយមិនបានផ្តល់ជម្រើសកិច្ចព្រមព្រៀងណាមួយផ្សេងទៀត ដើម្បីទប់ស្កាត់អាវុធនុយក្លេអ៊ែរ ជាថ្នូរនឹងការលុបបំបាត់ការដាក់ទណ្ឌកម្មលើប្រទេស អ៊ីរ៉ង់ឡើយ។
រំឮកដល់កិច្ចព្រមព្រៀងឆ្នាំ២០១៥ រវាងអ៊ីរ៉ង់ និងមហាអំណាច ០៦ប្រទេស ផ្សេងទៀត មានប្រទេសចិន រុស្ស៊ី បារាំង អង់គ្លេស អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក ដែលជាប្រទេស ហត្ថលេខី។ ប៉ុន្តែលោក ដូណាល់ ត្រាំ បានរិះគន់ថា «នេះជាកិច្ចព្រមព្រៀងដែលអនុវត្តន៍ដោយភាគីតែម្ខាងប៉ុណ្ណោះ» វាមិនអាចដោះស្រាយវិបត្តិមីស៊ីល សកម្មភាពនុយក្លេអ៊ែរក្នុងឆ្នាំ២០២៥ ខាងមុខ ឬតួនាទីរបស់អ៊ីរ៉ង់នៅក្នុងជម្លោះក្នុងតំបន់ឡើយ។
លោកបានប្រកាសថា ទណ្ឌកម្មហិរញ្ញវត្ថុទាំងអស់របស់សហរដ្ឋអាមេរិច ដែលធ្លាប់ដាក់លើប្រទេសអ៊ីរ៉ង់ តែត្រូវបានដកហូតក្រោមកិច្ចព្រមព្រៀង JCPOA នឹងត្រូវបានអនុវត្តន៍វិញជាថ្មីជាដាច់ខាត។ ការធ្វើបែបនេះ ដោយសារប្រធានាធិបតីអាមេរិករូបនេះជឿជាក់ថា សម្ពាធសេដ្ឋកិច្ចនឹងបង្ខំឱ្យប្រទេសអ៊ីរ៉ង់ វិលមកចរចាឡើងវិញដើម្បីកំណត់លក្ខខណ្ឌ នៃកិច្ចព្រមព្រៀងនេះជាថ្មី យ៉ាងនេះក្តីរដ្ឋាភិបាលក្រុងតេអេរ៉ង់ នៅតែទទូចថា ខ្លួនច្បាស់ជាមិនវិលមកចរចាជាថ្មីជាដាច់ខាត។
ក្រុមអ្នករិះគន់បានព្រមានថា ការរំលោភលើកិច្ចព្រមព្រៀងពហុភាគីបែបនេះ នឹងធ្វើឱ្យមនុស្សបាត់បង់ទំនុកចិត្តលើអាមេរិក និងបង្កអស្ថិរភាពបន្ថែមទៀតនៅមជ្ឈិមបូព៌ា។ មិនត្រឹមតែប៉ុណ្ណោះ ការដកខ្លួនរបស់សហរដ្ឋអាមេរិក បានបង្កផលខាតបង់មួយចំនួនទៀតដូចជា៖
១៖ សហរដ្ឋអាមេរិកអាចប្រឈមមុខនឹងភាពឯកា
លោក ត្រាំ មិនបានគិតដល់ទេថា ការដកខ្លួនចេញពី JCPOA ប្រៀបបាននឹងការប្រឆាំង បំណងប្រាថ្នារបស់ប្រទេសហត្ថលេខីដទៃទៀត ព្រមទាំងប្រឆាំងនឹងដំបូន្មានពីសម្ព័ន្ធមិត្តជាច្រើនផ្សេងទៀត។ ច្បាស់ណាស់ថា វាបានធ្វើឱ្យអ៊ីស្រាអែលអារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់អេមីរ៉ាតអារ៉ាប់ រួមមានការសប្បាយរីករាយ ផ្ទុយទៅវិញវានឹងធ្វើឱ្យសម្ព័ន្ធមិត្តដ៏យូរអង្វែងរបស់អាមេរិក នៅអឺរ៉ុបមានភាពស្រងាកចិត្ត។
ការផ្លាស់ប្តូរឥរិយាបទរបស់អាមេរិក នឹងបង្កផលប៉ះពាល់ដល់ទំនាក់ទំនងជាមួយ អង់គ្លេស់ បារាំង និងអាឡឺម៉ង់។ អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា កាលពីថ្ងៃអង្គារកន្លងទៅនេះ បានព្រមានថា «ការបំពានលើកិច្ចព្រមព្រៀង ដែលមានសហរដ្ឋអាមេរិកជាសមាជិក ធ្វើឱ្យអាមេរិកប្រឈមមុខនឹងការបាត់បង់ជំនឿចិត្ត និងមានភាពដាច់ឆ្ងាយពីមហាអំណាចរបស់ពិភពលោក»។
លោក រួហានី (Rouhani) ដែលជាអ្នកចុះកិច្ចព្រមព្រៀងឆ្នាំ២០១៥ ធ្លាប់មានបំណងចង់បើកចំហ ចំពោះប្រទេសលោកខាងលិច ដើម្បីជំរុញសេដ្ឋកិច្ចអ៊ីរ៉ង់។ ជាអកុសល្យការខ្លួនរបស់សហរដ្ឋអាមេរិក វានឹងបង្កឱ្យប្រទេស អ៊ីរ៉ង់ រឹងរូសកាន់តែខ្លាំង ជាពិសេសប្រសិនបើការដាក់ទណ្ឌកម្ម ត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង ចំពោះការនាំចេញប្រេងរបស់អ៊ីរ៉ង់។
ជាងនេះទៅទៀតនោះ លោក ដូណាល់ ត្រាំ ធ្លាប់បានព្រមានថា ប្រជាជន អ៊ីរ៉ង់សមនឹងទទួលបានភាពល្អប្រសើរ ជាងរបបផ្តាច់ការនាពេលបច្ចុប្បន្ន វាក៏បង្កើនការសង្ស័យក្នុងចំណោមប្រជាពលរដ្ឋអ៊ីរ៉ង់ថា អាមេរិកកំពុងមានបំណងចង់ធ្វើអន្តរាគមន៍ ដើម្បីផ្លាស់ប្តូររបបដឹកនាំរបស់រដ្ឋាភិបាលក្រុង តេហេរ៉ង់ផងដែរ។ ហេតុនេះ អ៊ីរ៉ង់បានធ្វើយុទ្ធនាការប្រឆាំងនឹងកិច្ចព្រមព្រៀង JCPOA ព្រមទាំងងាកទៅស្ដារកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ ក៏អាចថាបាន។
២៖ តម្លៃប្រេងនឹងកើនឡើង
ការបង្កើនការដាក់ទណ្ឌកម្មជាថ្មី ថ្វីត្បិតវាបង្កឱ្យអ៊ីរ៉ង់ជួបបញ្ហាសេដ្ឋកិច្ច ដោយសារពិបាកលក់ប្រេងទៅក្រៅប្រទេសពិតមែន ប៉ុន្តែទន្ទឹមនឹងនេះផងដែរនោះ វាក៏នឹងបង្កការរំខានដល់ការផ្គត់ផ្គង់ប្រេង ព្រមទាំងធ្វើឱ្យតម្លៃប្រេងលើពិភពលោកឡើងថ្លៃផងដែរ។ យោងតាមទីភ្នាក់ងារ Reuters បានឱ្យដឹងថា អ៊ីរ៉ង់បូមប្រេងប្រហែល ៣,៨ លានធុងក្នុងមួយថ្ងៃ ឬស្មើនឹងប្រមាណជា ៤ភាគរយ នៃការផ្គត់ផ្គង់ទូទាំងសកល។ ទោះចង់ ឬមិនចង់ តម្លៃប្រេងដាច់ខាតត្រូវតែកើនឡើង ជាក់ស្តែងក្នុងសប្តាហ៍នេះ តម្លៃប្រេង បានកើនឡើងរួចទៅហើយ ដោយសារតែភាពមិនច្បាស់លាស់ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនេះ។
៣៖ បង្កផលប៉ះពាល់ដល់កិច្ចចរចារវាងអាមេរិក និងកូរ៉េខាងជើង ដែលគ្រោងនឹងរៀបចំឡើងក្នុងពេលខាងមុខ
សហរដ្ឋអាមេរិកមានបំណងចង់វិលត្រឡប់ទៅរកកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥ កន្លងទៅនេះ ដែលក្នុងកិច្ចព្រមព្រៀងនេះ បានទាមទារការសង្កេតតាមដានយ៉ាងហ្មត់ចត់ ទៅលើកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង ប៉ុន្តែកុំភ្លេចថា វាទាមទារឱ្យមានការអង្កេតតាមដានយ៉ាងតឹងតែង ទៅលើរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងផងដែរ។
តើនឹងមានរឿងអ្វីកើតឡើង ប្រសិនបើរឿងនេះកើតឡើងស្របពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក គ្រោងនឹងជួបជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ក្នុងពេលឆាប់ៗនេះ ដើម្បីពិភាក្សាអំពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េនោះ? ស្រួលមិនស្រួល មេដឹកនាំកូរ៉េខាងជើង អាចនឹងលុបចោលកិច្ចចរចានេះ ប្រសិនបើអាមេរិក ងាកទៅរកវិធានការឆ្នាំ២០១៥ ជាថ្មី។
៤៖ អាមេរិកនឹងបាត់បង់ទាំងកិច្ចព្រមព្រៀងពីមុន ហើយពិបាករកឱកាសក្នុងការបង្កើតកិច្ចព្រមព្រៀងថ្មីជាមួយអ៊ីរ៉ង់
គោលដៅរបស់លោក ត្រាំ ដែលដកខ្លួនចេញពីកិច្ចព្រមព្រងនេះ ហើយបង្កើនទណ្ឌកម្មជាថ្មី គឹដើម្បីចង់អូសទាញអ៊ីរ៉ង់ឲ្យវិលមករកកិច្ចចរចាជាថ្មី ក្នុងបំណងបង្ខំឱ្យមានកិច្ចព្រមព្រៀង ដែលទូលំទូលាយជាងកិច្ចព្រមព្រៀង JCPOA ។ លោកមានជំនឿបែបនេះ បន្ទាប់ពីទទួលបានជោគជ័យ ក្នុងទំនាក់ទំនងជាមួយកូរ៉េខាងជើង។
ប៉ុន្តែប្រធានាធិបតីបារាំង លោក Emmanuel Macron បានផ្ដល់យោបល់ថា អ៊ីរ៉ង់ ហាក់បង្ហាញថា គ្មានបំណងចង់ធ្វើកិច្ចចរចាជាថ្មីឡើយ ថែមទាំងបានចោទប្រកាន់អាមេរិកថា បានល្មើសច្បាប់ ព្រមទាំងបង្កផលប៉ះពាល់ដល់កិច្ចព្រមព្រៀងអន្តរជាតិផងដែរ។
៥៖ បង្កអស្ថិរភាពក្នុងតំបន់
យើងដឹងហើយថា អ៊ីរ៉ង់ និងអ៊ីស្រាអែល កំពុងប្រឆាំងគ្នាលើវិបត្តិនៅស៊ីរី។ រដ្ឋមន្ត្រីការបរទេស អង់គ្លេស លោក បូរិស ចនសុន (Boris Johnson) បានព្រមានថា ការដកខ្លួនរបស់សហរដ្ឋអាមេរិក អាចបង្កឱ្យមានគ្រោះថ្នាក់ដ៏ធំមួយផ្ទុះឡើងក្នុងតំបន់។
ដូចគ្នាផងដែរ លោក ចេក សូលីវាន( Jake Sullivan) មន្ត្រីទូតអាមេរិកមួយរូប ដែលមានពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង JCPOA បានប្រាប់សារព័ត៌មាន Financial Times ថា ការសម្រេចចិត្តរបស់លោក ត្រាំ ប្រៀបបាននឹងការជំរុញប្រទេសអ៊ីរ៉ង់ ឱ្យវិលត្រឡប់ទៅរកកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនវិញ ហើយបង្កើនហានិភ័យនៃការប្រឈមមុខគ្នាក្នុងតំបន់ រវាងប្រទេស អ៊ីរ៉ង់ អ៊ីស្រាអែល និងអារ៉ាប៊ីសាអ៊ូឌីត ផងដែរ។ លោកបានមានប្រសាសន៍ថា «ក្នុងស្ថានភាពបច្ចុប្បន្ននេះមិនថា សហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្តហាក់គ្មានភាគីណាមួយមានយុទ្ធសាស្ត្រច្បាស់លាស់ឡើយលើបញ្ហានេះ»៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា
ប្រភព៖ វែបសាយព័ត៌មានរដ្ឋចិន CGTN