(ហ្សាការតា)៖ ភ្នំភ្លើងម៉ឺរ៉ាពី (Merapi) ស្ថិតនៅទីក្រុង យុកយ៉ាការតា (Yogyakarta) ភាគកណ្តាលកោះជ្វា (Java) នៃប្រទេសឥណ្ឌូណេស៊ីនោះ បានផ្ទុះឡើងជាថ្មីទៀតហើយនៅព្រឹកថ្ងៃសុក្រនេះ ដោយបានបង្ខំឲ្យប្រជាជនជាច្រើននាក់ ត្រូវជម្លៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី១១ ខែឧសភា ឆ្នាំ២០១៨។
ភ្នំភ្លើងដែលកំពុងពុះកញ្ជ្រោលខាងលើនេះ ស្ថិតនៅតំបន់ព្រំដែនបីស្រុកគឺ ក្លាទែន (Klaten), ម៉ាឡេឡេង (Magelang) និង បូយ៉ូឡាលី (Boyolali) ដោយវាបានផ្ទុះឡើងកាលពីវេលាម៉ោង ៧៖៣០នាទីព្រឹកថ្ងៃសុក្រនេះ (ម៉ោងនៅហ្សាការតា) និងបានជះកម្អែលផេះឡើងលើផ្ទៃអាកាស ក្នុងរយៈកម្ពស់ប្រមាណ ៥,៥០០ម៉ែត្រ តែមិនបានបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សនោះឡើយ គិតមកទល់នឹងរសៀលថ្ងៃដដែលនេះ។
គួរបញ្ជាក់ថា កម្ទេចកម្ទីនៃធូលីផេះផង់ បានចាប់ផ្តើមធ្លាក់លើទីក្រុង Yogyakarta ភាគកណ្តាលកោះជ្វា ហើយនៅតំបន់ភាគខាងត្បូងភ្នំភ្លើងនេះ ត្រូវបានអាជ្ញាធរប្រកាសឲ្យប្រជាជនជម្លៀសចេញ ព្រោះវាជាកន្លែងដែលនឹងមានផេះធ្លាក់គ្របដណ្តប់ច្រើនជាងគេ ដោយសារស្ថិតនៅក្រោមខ្យល់។ បន្ថែមពីនេះក្រុមមន្ត្រីសង្គ្រោះបន្ទាន់ថ្នាក់ជាតិ បានស្នើឲ្យប្រជាជននៅទីនោះពាក់ម៉ាស់បិទមុខ ដើម្បីការពារធូលីឲ្យបានត្រឹមត្រូវ៕