អូស្ត្រាលី៖ ផ្ទុះករណីបាញ់ប្រហារក្នុងរដ្ឋភាគខាងលិច «ផ្តាច់ជីវិតកុមារតូចៗ០៤នាក់ និងមនុស្សធំ០៣នាក់»
11-05-2018 12:09
(ស៊ីដនី)៖ មនុស្ស ០៧នាក់បានបាត់បង់ជីវិត ក្នុងនោះមានកុមារចំនួន ០៤នាក់ ដោយសារហេតុការណ៍បាញ់ប្រហារនាពេលទាបភ្លឺថ្ងៃសុក្រនេះ (ពេលវេលានៅទីក្រុងស៊ីដនី) នៅក្បែរតំបន់ទន្លេ ម៉ាហ្គារ៉េត (Margaret) ចម្ងាយប្រហែល ២៧០គីឡូម៉ែត្រពីទីក្រុង ភើត (Perth) ក្នុងរដ្ឋភាគខាងលិចអូស្រ្តាលី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១១ ខែឧសភា ឆ្នាំ២០១៨។
ស្នងការប៉ូលិសរដ្ឋនៃភាគខាងលិចអូស្ត្រាលី (Western Australia) លោក គ្រីស ដរសុន (Chris Dawson) បាននិយាយថា កម្លាំងប៉ូលិស ត្រូវបានបញ្ជាឲ្យទៅកាន់លំនៅឋានមួយកន្លែង ក្នុងក្រុងតូចមួយមានឈ្មោះថា អូស្មីងតុន (Osmington) នាវេលាម៉ោង ០៥៖១៥នាទីព្រឹកថ្ងៃសុក្រនេះ ហើយក៏បានជួបប្រទះទិដ្ឋភាពដ៏រន្ធត់ខាងលើ ដោយសាកសពកុមារចំនួន ០៤នាក់ និងមនុស្សពេញវ័យ ០៣នាក់ ត្រូវបានរកឃើញនៅទីនោះ។
គួរជម្រាបថា បើតាមលោក Dawson ស្លាកស្នាមនៅលើខ្លួនប្រាណរបស់ជនរងគ្រោះទាំងអស់ គឺជាស្នាមគ្រាប់កាំភ្លើង ហើយអាវុធពីរដើមត្រូវបានអាជ្ញាធររកឃើញ នៅហ្នឹងកន្លែងកើតហេតុ។ ជាមួយគ្នានេះ ប៉ូលិសក៏បានបញ្ជាក់ផងដែរថា ពួកគេពុំមានការតាមស្វែងរកជនសង្ស័យឡើយ ដោយក្រុមមន្រ្តីជំនាញខាងស៊ើបអង្កេតបានឲ្យដឹងថា ហេតុការណ៍សោកនាដកម្មនេះ ទំនងជាករណីឃាតកម្ម និងធ្វើអត្តឃាតខ្លួនឯងតាមក្រោយ៕