(ឡូសអាន់ជែឡេស)៖ មហាសេដ្ឋីកាស៊ីណូអាមេរិក លោក សេលដុន អាឌែលសុន (Sheldon Adelson) បានផ្ដល់ប្រាក់ ៣០លានដុល្លារ ដល់មូលនិធិរបស់ គណបក្សសាធារណរដ្ឋ (CLF) ក្នុងគោលបំណងបង្កើនកិច្ចខំប្រឹងប្រែង ធ្វើយ៉ាងណាឱ្យគណបក្សមួយនេះ រក្សាសំឡេងភាគច្រើន នៅក្នុងការបោះឆ្នោតសភាពាក់កណ្ដាលអាណត្តិ នៅខែវិច្ឆិកាខាងមុខនេះ។ នេះបើតាម Politico ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែឧសភា ឆ្នាំ២០១៨។
CLF គឺជាគណៈកម្មាធិការសកម្មភាពនយោបាយជាន់ខ្ពស់បំផុត ដែលចូលរួមចំណែកយ៉ាងសកម្ម ក្នុងការធានាសំឡេងភាគច្រើន របស់គណបក្សសាធារណរដ្ឋនៅក្នុងសភាតំណាងរាស្ត្រអាមេរិក។ យោងតាមសារព័ត៌មាន Politico អំណោយ ៣០លានដុល្លារ ត្រូវ ប្រគល់ឱ្យប្រធានសភាអាមេរិកបក្សសាធារណរដ្ឋលោក ផូល រីយ៉ាន (Paul Ryan) បន្ទាប់ពីជំនួបជាមួយលោក Sheldon Adelson ក្នុងទីក្រុងឡាស់វែហ្កាស់ កាលពីសប្ដាហ៍មុន នៅឯសណ្ឋាគារ វេណេទៀន (Venetian Hotel) ដែលជាកម្មសិទ្ធិរបស់សេដ្ឋីកាស៊ីណូអាមេរិករូបនេះ។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយដែលលោក Adelson បរិច្ចាគប្រាក់ឱ្យគណបក្សសាធារណរដ្ឋនោះទេ។ ពោលគឺលោកក៏ ធ្លាបបានផ្ដល់មូលនិធិ ១០លានដុល្លារផងដែរ ដល់គណបក្សសាធារណរដ្ឋកាលពីខែសីហា ឆ្នាំ២០១៦ សម្រាប់ការបោះឆ្នោតប្រធានា ធិបតីអាមេរិក ដែលជួយលោក ដូណាល់ ត្រាំ ផ្ដួលលោកស្រី ហ៊ីលឡារី គ្លីនតុន មកពីគណបក្សប្រជាធិបតេយ្យបានសម្រេច៕