(ម៉ូស្គូ)៖ ការផ្ទុះឡើងនៃអំពើហិង្សានៅក្នុងតំបន់ ហ្គោឡេន ហេជស៍ (Golan Heights) និងទីក្រុងដាម៉ាស់ ប្រទេសស៊ីរី គឺជាសេណារីយ៉ូមួយរៀបចំឡើងដោយប្រទេសអ៊ីសាអែល ក្នុងគោលបំណងទាញសហរដ្ឋអាមេរិក ឱ្យចូលប្រឡូកក្នុងសង្រ្គាមប្រឆាំងអ៊ីរ៉ង់។ នេះគឺជាសម្ដីរបស់អ្នកជំនាញយុទ្ធសាស្ត្រម្នាក់ ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី១១ ខែឧសភា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Sputnik នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក ម៉ាក ស្លេបូដា (Mark Sleboda) អ្នកជំនាញផ្នែកសន្តិសុខ និងកិច្ចការអន្តរជាតិ បាននិយាយថា អំពើហិង្សាកើតមានឡើងនាពេលថ្មីៗនេះរវាងអ៊ីស្រាអែល និងស៊ីរី បង្ហាញពីចេតនារបស់អ៊ីស្រាអែលចង់ ចាប់ផ្ដើមជម្លោះជាមួយអ៊ីរ៉ង់ និងស្វែងរកការគាំទ្រពីសហរដ្ឋអាមេរិក ក្នុងសង្រ្គាមទ្រង់ទ្រាយធំជាមួយទីក្រុងតេហេរ៉ង់។ «អ្វីដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនយ៉ាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ត្រូវការ នោះគឺធ្វើយ៉ាងណាទាញសហរដ្ឋអាមេរិក ឱ្យធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់»។ នេះបើតាមស្តីលោក Sleboda។
អ្នកជំនាញរូបនេះបន្ថែមទៀតថា ភា្លមៗក្រោយលោក ដូណាល់ ត្រាំ ប្រកាសដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីថ្ងៃអង្គារកន្លងទៅ អ៊ីស្រាអែលបានដាក់ឱ្យកងទ័ពរបស់ខ្លួន ស្ថិតនៅសភាប្រុងជើងការខ្ពស់នៅឯតំបន់ Golan Heights ដោយបញ្ជាក់ថា អ៊ីរ៉ង់កំពុងបង្កើនសកម្មភាពមិនប្រក្រតីនៅភាគខាងជើងប្រទេសស៊ីរី ជាប់ព្រំដែនជាមួយអ៊ីស្រាអែល។ មិនតែប៉ុណ្ណោះកាលពីថ្ងៃអង្គារដដែលនោះ អ៊ីស្រាអែល ក៏បានអះអាងដែរថា អ៊ីរ៉ង់ទំនងជានឹងអាចដឹកនាំការវាយប្រហារដោយគ្រាប់មីស៊ីល ឬក៏ធ្វើសកម្មភាពយោធានៅក្នុងតំបន់ Golan Heights។ Golan Heights គឺជាតំបន់មួយដែលអ៊ីស្រាអែល រឹបអូសពីស៊ីរីកាលពីឆ្នាំ១៩៦៧ ក្នុងសង្រ្គាម ០៦ថ្ងៃ។
បន្ទាប់មកទៀត រំលងបានតែប៉ុន្មានម៉ោងក្រោយការប្រកាសរបស់លោក ត្រាំ ទីក្រុងដាម៉ាស់ បានចោទកងកម្លាំងទ័ពអាកាសអ៊ីសា្រអែលថា បានបាញ់មីស៊ីលរាប់សិបគ្រាប់លើតំបន់ អាល់គីស្វាហ៍ (al-Kiswah) ស្ថិតនៅភាគខាងត្បូងរដ្ឋធានីនៃប្រទេសស៊ីរី។ ចំណែកឯប្រព័ន្ធ ផ្សព្វផ្សាយលោកខាងលិចនំាគ្នារាយការណ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែលមានគោលដៅលើក្បួនរថយន្ដដឹកជញ្ជូនមួយ របស់អ៊ីរ៉ង់នៅលើទឹកដីស៊ីរី។
ផ្អែកលើការសន្និដ្ឋានទាំងនេះឯង ទើបលោក Mark Sleboda យល់ថា អ្វីដែលកំពុងកើតឡើងរវាងអ៊ីស្រាអែល និងស៊ីរី គឺជាផែនការ រៀបចំឡើងដោយអ៊ីស្រាអែល ឱ្យអ៊ីរ៉ង់ប្រតិកម្មតបតត្រឡប់វិញ ដើម្បីបានលេសបង្ករឿង និងអូសទាញសហរដ្ឋអាមេរិក ឱ្យចូលរួមធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់។ ប៉ុន្តែ គេគ្រប់គ្នាសុទ្ធតែដឹងថា ស៊ីរី និងអ៊ីរ៉ង់គឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់រុស្ស៊ីនៅតំបន់មជ្ឈិមបូព៌ា ដូច្នេះការចង់អូសសហរដ្ឋអាមេរិក ឱ្យចូលរួមក្នុងសង្រ្គាមដោយផ្ទាល់ជាមួយអ៊ីរ៉ង់ មិនមែនជារឿងងាយនោះទេ ដ្បិតអាមេរិកមិនចង់ប្រឈមមុខ ដោយផ្ទាល់ជាមួយរុស្ស៊ី។
តែយ៉ាងណាក៏ដោយ បើមិនអាចធ្វើសង្រ្គាមដោយផ្ទាល់ជាមួយអ៊ីរ៉ង់ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលអាចនៅមានជម្រើសផ្សេងទៀត នោះគឺបន្តបើកការវាយប្រហារតាមផ្លូវអាកាស លើក្រុមអ្នកប្រយុទ្ធអ៊ីរ៉ង់ និងក្រុមឧទ្ទាមហេសប៊ូលឡានៅក្នុងប្រទេសស៊ីរី រីឯអ្នករង គ្រោះពិតប្រាកដនៅតែជាប្រជាជនស្លូតត្រង់ស៊ីរី។ គួរបញ្ជាក់ថា អ៊ីស្រាអែល ធ្លាប់អះអាងថា ខ្លួនបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសនៅស៊ីរីច្រើនជាង ១០០លើក គិតចាប់តាំងពីសង្រ្គាមស៊ីរីផ្ទុះឡើង កាលពីឆ្នាំ២០១១មក៕