(គូឡាឡុំាពួ)៖ ទីបំផុតលោក មហាធា ម៉ូហាម៉ាដ (Mahathir Mohamad) បានស្បថចូលកាន់តំណែងជាផ្លូវការនៅវិមាន អ៊ីស្តាណា ណេហ្គារ៉ា (Istana Negara) ជានាយករដ្ឋមន្ត្រីថ្មី របស់ម៉ាឡេស៊ីនៅយប់ថ្ងៃព្រហស្បត្តិ៍នេះ បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងការបោះឆ្នោត កាលពីថ្ងៃពុធម្សិលមិញ ដោយផ្តួលគណបក្សរបស់អតីតនាយករដ្ឋមន្ត្រី លោក ណាជីប រ៉ាហ្សាក់។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅយប់ថ្ងៃព្រហស្បតិ៍ ទី១០ ខែឧសភា ឆ្នាំ២០១៨។
ក្រុមចម្រុះ The Pakatan Harapan ដឹកនាំដោយលោក មហាធា បានទទួលបានជោគជ័យយ៉ាងខ្លាំងនៅពេលប្រកាសលទ្ធផលផ្លូវការនាព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅពេលដែលខ្លួនបានឈ្នះអាសនៈចំនួន ១១៣ ដែលគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលថ្មី ក្នុងការដឹកនាំប្រទេសម៉ាឡេស៊ី (ចាប់ពី ១១២អាសនៈឡើងទៅ ចាត់ទុកថាមានសំឡេងគ្រប់គ្រាន់)។
ការស្បថចូលកាន់តំណែងរបស់លោក មហាធា វ័យ៩២ឆ្នាំរូបនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានការពន្យារពេលវេលា និងភាពមិនច្បាស់លាស់ ដោយអ្នកនាំពាក្យ ព្រះបរមរាជវាំងម៉ាឡេស៊ី បានបញ្ជាក់ពីពេលមុននេះថា លោក មហាធា នឹងមិនអាចស្បថចូលកាន់តំណែង នៅថ្ងៃព្រហស្បតិ៍នេះបានទេ ប៉ុន្តែពេលនេះអ្វីៗនៅតែអាចប្រព្រឹត្តទៅបាន តាមការអះអាងរបស់នាយករដ្ឋមន្ត្រីថ្មី ដែលមានវ័យចាស់ជាងគេបំផុតលើលោករូបនេះ៕