(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែឧសភា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះ បានអះអាងថា យន្ដហោះចម្បាំងអ៊ីស្រាអែល F-15 និង F-16 ចំនួន២៨គ្រឿង បានបាញ់មីស៊ីលជិត៦០គ្រាប់ លើគោលដៅស៊ីបជាច្រើនកន្លែងនៅក្នុងប្រទេសស៊ីរី កាលពីយប់ថ្ងៃពុធ ឈានចូលថ្ងៃព្រហស្បតិ៍ នេះ៕
២៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅដល់មូលដ្ឋានទ័ពអាកាស អាន់ឌ្រូស៍ (Andrews) ស្ថិតនៅក្បែរ ទីក្រុងវ៉ាស៊ីនតោន ដើម្បីទទួលពលរដ្ឋអាមេរិកកាំងបីនាក់ ដែលត្រូវបានកូរ៉េខាងជើងដោះលែងឱ្យមានសេរីភាពឡើងវិញ៕
៣៖ មន្ត្រីជាន់ខ្ពស់ឥណ្ឌូណេស៊ីម្នាក់ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា អ្នកទោសជាភេរវករជាង១៥៦នាក់ បានសម្រេចចិត្តប្រគល់ ខ្លួន បន្ទាប់ពីបានបាញ់តបតជាមួយប៉ូលិស នៅក្នុងពន្ធនាគារមួយកន្លែង៕
៤៖ ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UNSC) បានទាមទារឲ្យមានការបកស្រាយហេតុផល ក៏ដូចជាការទទួលខុស ត្រូវចំពោះអំពើហិង្សាប្រឆាំងនឹងក្រុមជនជាតិម៉ូស្លីមរ៉ូហ៊ីងយ៉ា នៅក្នុងរដ្ឋរ៉ាឃីន (Rakhine) ចាប់តាំងពីខែសីហា ឆ្នាំ២០១៧៕
៥៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា តំបន់ព្រំដែនគ្មានយោធារវាងប្រទេសកូរ៉េទាំងពីរ នឹងមិនក្លាយជា កន្លែងរៀបចំជំនួបកំពូលជាមួយលោក គីម ជុងអ៊ុន នោះទេ ខណៈសិង្ហបុរីត្រូវបានគេរំពឹងខ្ពស់ថានឹងក្លាយជាកន្លែងណាត់ជួបរវាង មេដឹកនាំទាំងពីរ៕
៦៖ គណបក្សប្រឆាំងរបស់លោក Mahathir Mohamad បានឈ្នះឆ្នោតលើគណបក្សរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បច្ចុប្បន្នលោក Najib Razak៕