(អាមេរិក)៖ ទីភ្នាក់ងារចម្បងទទួលបន្ទុកការកំណត់គោលនយោបាយនិងរៀបចំគម្រោងស្តីពីវិស័យថាមពលរបស់រដ្ឋកាលីហ្វរញ៉ា បានផ្តល់ការជាឯកភាពជាឯកច្ឆ័ន្ទ ចំពោះក្បួនច្បាប់មួយ នៃការសាងសង់ដែលតម្រូវមានការបំពាក់ ប្រព័ន្ធបំលែងថាមពលព្រះអាទិត្យ នៅតាមលំនៅឋានថ្មីៗ ហើយប្រការនេះធ្វើឲ្យកាលីហ្វរញ៉ា ក្លាយជារដ្ឋអាមេរិកដំបូងគេបង្អស់ ដែលបានចេញច្បាប់បែបនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១០ ខែឧសភា ឆ្នាំ២០១៨។
យោងតាមគណៈកម្មការថាមពល នៃរដ្ឋកាលីហ្វរញ៉ា ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពល នៅតាមគេហឋានថ្មីៗឲ្យបានច្រើនជាង ៥០ភាគរយ ក្រោមគោលបំណងបន្ថយចុះការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នោះ គណៈកម្មការនេះ បានសម្រេចចេញច្បាប់ស្តីពីស្តង់ដាសំណង់អគារ ដែលតម្រូវឲ្យមានការបំពាក់ប្រព័ន្ធបំលែងថាមពលព្រះអាទិត្យ ដោយចាប់ផ្តើមពីឆ្នាំ២០២០ តទៅ។
ទីភ្នាក់ងារខាងលើមានក្តីរំពឹងខ្ពស់ថា ស្តង់ដានៃការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព សម្រាប់សំណង់អគារថ្មីនេះ នឹងជួយកាត់បន្ថយបរិមាណនៃឧស្ម័នផ្ទះកញ្ចក់ ដែលស្មើនឹងការលុបបំបាត់រថយន្តប្រើប្រាស់ប្រេងឥន្ទនៈចេញពីផ្លូវថ្នល់អ៊ីចឹងដែរ។ បើតាមច្បាប់ថ្មីនេះ ប្រព័ន្ធផ្ទាំងសូឡា នឹងត្រូវបំពាក់នៅតាមផ្ទះ អគារខុនដូរ និងអាផាតមិន ដែលមានកម្ពស់ត្រឹមបីជាន់ជាអប្បរមា។
គួរបញ្ជាក់ថា ការប្រើប្រាស់ថាមពលព្រះអាទិត្យ ក៏មានបញ្ហាប្រឈមធំមួយដែរ នោះគឺកត្តាអាកាសធាតុដែលមានព្យុះភ្លៀង ឬមេឃមានពពកច្រើនស្រអាប់ វាប្រាកដជាពិបាកហើយ ប៉ុន្តែយើងក៏អាចបង្កើតជាអាគុយស្តុកធំៗ ដើម្បីបង្ការបញ្ហាទាំងនោះផងដែរ។ បន្ថែមពីនេះទៀត ថាមពលខ្យល់ក៏ជាមធ្យោបាយប្រសើរបំផុត ដែលគួរតែជម្រុញឲ្យមានការប្រើប្រាស់ ប្រកបដោយសក្តានុពលផងដែរ៕