(អង់ការ៉ា)៖ សហរដ្ឋអាមេរិកនឹងប្រគល់យន្ដហោះចម្បាំង F-35 ឱ្យទៅប្រទេសតួកគី នៅខែមិថុនាខាងមុខនេះ បើទោះជាសភាអាមេរិក ស្នើឱ្យមានការផ្អាកការលក់អាវុធ ឱ្យទីក្រុងអង់ការ៉ាក៏ដោយ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១០ ខែឧសភា ឆ្នាំ២០១៨។
សារព័ត៌មានតួកគី Hurriyet ផ្អែកលើប្រភពពីអាជ្ញាធរឧស្សាហកម្មអាវុធតួកគី បានរាយការណ៍ថា យន្ដហោះចម្បាំង F-35 ក្នុងចំណោម ៣០គ្រឿងដំបូងនឹងត្រូវបានប្រគល់នៅថ្ងៃទី២១ ខែមិថុនា នៅក្នុងសហរដ្ឋអាមេរិក ជាទីដែលក្រុមពីឡុតតួកគី នឹងទទួលបានការបណ្ដុះបណ្ដាល នៅក្នុងបរិបទ ដែលយោធាតួកគីមានគំរោងធ្វើបច្ចុប្បន្នភាព កងកម្លាំងយន្ដហោះ F-16 របស់ខ្លួនជាមួយ យន្ដហោះចម្បាំង F-35 ចំនួន ១០០គ្រឿង ដើម្បីពង្រឹងសមត្ថភាពការពារដែនអាកាស។
គួរជម្រាបថា កាលពីថ្ងៃទី០៤ ខែឧសភា ក្រុមសភាតំណាងរាស្ត្រអាមេរិក បានចេញផ្សាយនូវសេចក្ដីលម្អិតមួយ លើច្បាប់ថវិកាការពារជាតិប្រចាំឆ្នាំ ៧១៧ពាន់លានដុល្លារ ក្នុងនោះក៏មានភ្ជាប់ជាមួយការផ្អាកការលក់អាវុធឱ្យតួកគីផងដែរ។ បន្ថែមពីលើនេះ ពួកគេបានស្នើឱ្យរដ្ឋាភិបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ដាក់ទណ្ឌកម្មលើតួកគី សម្រាប់ការចុះហត្ថលេខាទិញប្រព័ន្ធមីស៊ីលការពារ
ដែនអាកាស S-400 ចំនួនពីរគ្រឿងពីប្រទេសរុស្ស៊ីកាលពីខែធ្នូ ឆ្នាំ២០១៧។
ប៉ុន្តែទន្ទឹមគ្នា រដ្ឋមន្ត្រីការបរទេសតួកគី លោក ម៉េវលុត កាវូសូគ្លូ (Mevlut Cavusoglu) បានព្រមានថា តួកគីនឹងចាត់វិធានការឆ្លើយតប បើសិនជាអាមេរិកលុបចោលការលក់អាវុធឱ្យទីក្រុងអង់ការ៉ា៕