(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះបានបញ្ចេញព័ត៌មានសរុបថា យន្ដហោះចម្បាំងអ៊ីស្រាអែល F-15 និង F-16 ចំនួន ២៨គ្រឿង បានបាញ់មីស៊ីលជិត ៦០គ្រាប់ លើគោលដៅស៊ីបជាច្រើនកន្លែងនៅក្នុងប្រទេសស៊ីរី កាលពីកណ្តាលយប់ថ្ងៃពុធ ឈានចូលពេលទៀបភ្លឺថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១០ ខែឧសភា ឆ្នាំ២០១៨។
ជុំវិញការវាយប្រហារនេះដែរ យោធាអ៊ីស្រាអែលបាននិយាយថា ការវាយប្រហាររបស់ខ្លួន ធ្វើឡើងជាការសងសឹកទៅនឹងការវាយ ប្រហារដោយគ្រាប់រ៉ុក្កែតជាង ២០គ្រាប់ កាលពីថ្ងៃពុធពីសំណាក់កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លើមូលដ្ឋានយោធាអ៊ីស្រាអែលស្ថិតនៅ ក្នុងតំបន់ ហ្គោឡេន ហេជស៍ (Golan Heights) ជាប់ព្រំដែនជាមួយស៊ីរី ប៉ុន្តែមិនបានបណ្ដាលឱ្យមានជនរងគ្រោះណាម្នាក់នោះទេ។
ដោយឡែក នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការពារជាតិរុស្ស៊ី ក៏បានបញ្ជាក់ដែរថា ក្រៅតែពីការវាយប្រហារដោយយន្ដហោះចម្បាំង យោធាអ៊ីស្រាអែលក៏បានបាញ់មីស៊ីល ១០គ្រាប់ ពីទីតាំងនៅលើដីផងដែរ ហើយការវាយប្រហារទាំងនេះទៀតសោត គឺមានគោលដៅលើទីតាំងកងកម្លាំងអ៊ីរ៉ង់ស្ថិតនៅ រួមទាំងមូលដ្ឋានទ័ពអាកាសស៊ីរី នៅក្នុងតំបន់ស្ថិតនៅភាគខាងត្បូងទីក្រុងដាម៉ាស់ និងភាគខាងត្បូងប្រទេសស៊ីរី។ «ជាការឆ្លើយតបនឹងការវាយប្រហារ ពីសំណាក់យោធាអ៊ីស្រាអែល កងទ័ពអាកាសស៊ីរីបាន បាញ់ទម្លាក់មីស៊ីលទាំងនោះជាងពាក់កណ្ដាល»។ នេះបើតាមក្រសួងការពារជាតិរុស្ស៊ី។
គួរបញ្ជាក់ថា នេះគឺជាភាពតានតឹងផ្នែកយោធាដោយផ្ទាល់ និងខ្លាំងក្លាបំផុតជាលើកដំបូង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ រីឯមកទល់ពេលនេះ ជនរងគ្រោះ និងទំហំខូចខាតកំពុងស្ថិតនៅក្រោមការវាយតម្លៃនៅឡើយ ប៉ុន្តែបើតាមសារព័ត៌មានរដ្ឋស៊ីរីចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា មូលដ្ឋានរ៉ាដាមួយចំនួនរបស់ខ្លួន ត្រូវបានកម្ទេចដោយគ្រាប់មីស៊ីលអ៊ីស្រាអែល៕