(ម៉ូស្គូ)៖ ការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ ដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ នៅថ្ងៃអង្គារសប្ដាហ៍នេះ គឺជាជំហានដំបូងនៃការអនុវត្តផែនការរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការផ្លាស់ប្ដូររបបដឹកនាំនៅអ៊ីរ៉ង់ ដោយប្រើប្រាស់សេណារីយ៉ូ ដែល អាមេរិកធ្លាប់បានធ្វើនៅអ៊ីរ៉ាក់ ហើយវាពិតជាសុបិន្តអាក្រក់ ដែលអាចក្លាយជាពិត ដូចនៅប្រទេសអ៊ីរ៉ាក់។ នេះបើតាមការវិភាគរបស់លោក សាមី រ៉ាម៉ាដានី (Sami Ramadani) អ្នកជំនាញល្បីឈ្មោះមួយរូបខាងនយោបាយ នៅតំបន់មជ្ឈិមបូព៌ា។
លោក Sami Ramadani កត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Russian Today ក្រោយទីក្រុងវ៉ាស៊ីនតោន សម្រេចចិត្តដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីឆ្នាំ២០១៥។ លោក Ramadani បានលើកឡើងដូច្នេះថា «បើសិន ជាគេស្ដាប់យ៉ាងយកចិត្តទុកដាក់នូវអ្វី ដែលលោក ត្រាំ បាននិយាយ ជាការពិតណាស់សហរដ្ឋអាមេរិក មិនមែនត្រឹមតែចង់ដកខ្លួនចេញ ពីកិច្ចព្រមព្រៀងប៉ុណ្ណោះទេ ប៉ុន្តែវាបានបង្ហាញពីការគំរាមផ្លាស់ប្ដូររបបដឹកនាំនៅអ៊ីរ៉ង់។ម្យ៉ាងវិញទៀត អ្នកអាចសង្កេតបានថា ពាក្យសម្តីលោក ត្រាំ បានប្រើវាហាក់ដូចគ្នាទៅនឹងអ្វីដែលអតីតប្រធានាធិបតីអាមេរិក លោក ចច ដាប់ប៊ែល យូប៊ូស បានថ្លែងនៅមុន សហរដ្ឋអាមេរិកសម្រេចចិត្ត ចូលឈ្លានពានប្រទេសអ៊ីរ៉ាក់កាលពីឆ្នាំ២០០៣ ក្រោមលេសថា ទីក្រុងបាកដាដរបស់ សាដដាំ ហូស្សេន មានលាក់អាវុធនុយក្លេអ៊ែរ»។
អ្នកជំនាញរូបនេះបន្ថែមទៀតថា សហរដ្ឋអាមេរិកចង់បានសម្បទានច្រើនបំផុតពីអ៊ីរ៉ង់ ពាក់ព័ន្ធកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ខណៈទីក្រុងវ៉ាស៊ីនតោនខ្លួនឯង នៅតែចិញ្ចឹមចិត្តបង្កអស្ថេរភាព និងផ្លាស់ប្ដូររបបដឹកនាំនៅអ៊ីរ៉ង់។ «ខ្ញុំគិតថា អ៊ីរ៉ង់នឹងមិនផ្ដល់សម្បទានតាមអាមេរិកត្រូវការនោះទេ។ អ៊ីរ៉ង់បានអះអាងថា មិនដែលមានគំរោងផលិតអាវុធនុយក្លេអ៊ែរឡើយ និងបានអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ បានចុះហត្ថលេខាជាមួយប្រទេសមហាអំណាចប្រាំទាំង ៥ បូកមួយ (សហរដ្ឋអាមេរិក ចិន បារាំង អង់គ្លេស និងរុស្ស៊ី បូកអាល្លឺម៉ង់)។
លើសពីនេះទៅទៀត អ្វីដែលសហរដ្ឋអាមេរិកកាន់តែចង់បានពីអ៊ីរ៉ង់ នោះគឺការបោះបង់ចោលឯករាជ្យភាពរបស់ខ្លួន ពីព្រោះទីក្រុងវ៉ាស៊ីនតោនមិនចង់ឃើញប្រជាជាតិឯករាជ្យណាមួយ នៅលើពិភពលោកប្រឆាំង ឬបង្ហាញភាពរឹងទទឹង ខ្លាំងដាក់ខ្លួននោះទេ ជាពិសេសប្រជាជាតិនៅក្នុងតំបន់មជ្ឈិមបូព៌ាតែម្ដង។ ដូច្នេះហើយ ខ្ញុំគិតថា ដោយសារតែប្រព័ន្ធនយោបាយអាមេរិកបែបនេះឯង ទើបអ៊ីរ៉ង់ជ្រើសរើសយកឯករាជ្យភាព ពីនយោបាយសហរដ្ឋអាមេរិក ដែលកំពុងចង់ប្រាប់អ៊ីរ៉ង់ថា យើងនឹងដាក់ទណ្ឌកម្មលើអ្នកដែលរើសយកផ្លូវមួយនេះ»។ នេះបើតាមសម្តីលោក Ramadani។
គួរបញ្ជាក់ថា កាលពីចុងខែមេសាកន្លងទៅ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនយ៉ាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានអះអាងថា អ៊ីរ៉ង់នៅតែ បន្តលួចលាក់ផលិតអាវុធនុយក្លេអ៊ែរ បើទោះជាមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរក៏ដោយ។ ចំណែកឯ សហរដ្ឋអាមេរិកវិញក៏បានបង្ហាញការគំាទ្រ ចំពោះការលើកឡើងរបស់លោក Netanyahu ផងដែរ។
កាលពីឆ្នាំ២០០៣ សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ លោក ចច ដាប់ប៊ែល យូប៊ូស បានសម្រេចចិត្តចូលឈ្លានពានអ៊ីរ៉ាក់ ដើម្បីផ្ដួលរំលំរបបដឹកនាំ លោក សាដដាំ ហូស្សេន ដោយចោទថា របបដឹកនាំទីក្រុង បាកដាដនៅពេលនេះ មានលួចលាក់អាវុធនុយក្លេអ៊ែរ។ ប៉ុន្តែក្រោយរបប សាដដាំ ហូស្សេន ដួលរលំ ទើបគេដឹងថា ការអះអាងរបស់លោក ប៊ូស គឺជាការកុហក និងគ្រាន់តែដើម្បីផ្លាស់ប្ដូររបបដឹកនាំនៅអ៊ីរ៉ាក់តែប៉ុណ្ណោះ៕
ប្រភព៖ Russian Today