(គូឡាឡាំពួរ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបច្ចុប្បន្ន លោក ណាជីប រ៉ាហ្សាក់ បានថ្លែងសារមួយចំនួន ដែលបង្កើតជាការសង្ស័យថា តើអតីតសម្ព័ន្ធមិត្តរបស់គឺលោក មហាធា ម៉ូហាម៉េដ (Mahathir Mohamad) អាចនឹងបន្តតំណែងពីរូបលោកជានាយករដ្ឋមន្ត្រីថ្មីបានដែរ ឬយ៉ាងណាបន្ទាប់ពីគណបក្សប្រឆាំង បានផ្ដួលគណបក្សកាន់អំណាចនៅក្នុងការបោះឆ្នោតសកល កាលពីថ្ងៃពុធម្សិលមិញនេះ។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែឧសភា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងគូឡាឡាំពួរ នៅថ្ងៃព្រហស្បតិ៍នេះ លោក ណាជីប បាននិយាយថា លោកទទួលស្គាល់ការសម្រេចចិត្តរបស់ប្រជាជនម៉ាឡេស៊ី នៅក្នុងការបោះឆ្នោតកាលពីថ្ងៃពុធ ដែលបានផ្ដល់ជ័យជម្នះដល់គណបក្សកម្លាំងចំរុះនយោបាយរបស់លោក មហាធា ដែលមានវ័យចំណាស់ ៩២ឆ្នាំ បានធ្លាប់ដឹកនាំម៉ាឡេស៊ី ក្រោមនយោបាយកណ្ដាប់ដៃដែកពីឆ្នាំ១៩៨១ ដល់ឆ្នាំ២០០៣។
តែទោះជាយ៉ាងក្ដី លោក ណាជីប ក៏បានបញ្ជាក់ដែរថា ដរាបណាគ្មានគណបក្សតែមួយគត់ ទទួលបានសំឡេងគំាទ្រភាគច្រើនដាច់ខាត នៅក្នុងចំណោមអាសនៈសរុប ២២២ នោះរដ្ឋធម្មនុញ្ញរាជានិយមនៃប្រទេសអាស៊ាននេះនឹងកំណត់ថា តើនរណាគួរតែត្រូវកាន់តំណែងជានាយករដ្ឋមន្ត្រីបន្ទាប់។ យោងតាមលទ្ធផលផ្លូវការ ចេញផ្សាយដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតម៉ាឡេស៊ី (EC) គណបក្សកម្លាំងចំរុះនយោបាយ ផាកាតាន់ ហារ៉ាផាន់ (Pakatan Harapan) ឬ PH ដែលប្រផ្ដុំដោយគណបក្សចំនួន ០៤ របស់លោក មហាធា បានទទួលអាសនៈ១១៣ ពោលគឺលើសមួយសំឡេងនៃចំនួនអាសនៈត្រូវការជាចាំបាច់ដើម្បីបង្កើតរដ្ឋាភិបាល។
យ៉ាងណាមិញ គណបក្ស PH មិនទាន់ត្រូវបានចុះបញ្ជីជាគណបក្សចំរុះនយោបាយ ជាផ្លូវការនៅឡើយទេ។ រីឯគណបក្សសម្ព័ន្ធភាព របស់លោក មហាធា ដែលទទួលបានសំឡេងច្រើនជាងគេ គឺគណបក្សយុត្តិធម៌ប្រជាជន (People’s Justice Party (PKR) ដឹកនាំដោយភរិយា មេដឹកនាំគណបក្សប្រឆាំងកំពុងជាប់ឃុំ លោក អាន់វ៉ា អ៊ីប្រាហ៊ីល (Anwar Ibrahim) គឺលោកស្រី វ៉ាន អាហ្ស៊ីហ្សាហ៍ វ៉ាន អ៊ីស្មែល (Wan Azizah Wan Ismail)។ លើសពីនេះទៅទៀត ក្រុមអ្នកវិភាគនយោបាយខ្លះថែមទាំងព្យាករណ៍ទៀតថា លោកស្រី Wan Ismail រូបនេះអាចនឹងក្លាយជានាយករដ្ឋមន្ត្រីក៏ថាបាន។
ដូច្នេះជាជម្រើស លោក ណាជីប អាចនឹងព្យាយាមបង្ហាញហេតុផលថា គណបក្សសម្ព័ន្ធជាតិម៉ាឡេស៊ីរបស់លោក ឬហៅកាត់ថា (UMNO) បានទទួលសំឡេងក្នុងចំនួនដ៏ច្រើន ដែលគួរតែត្រូវបានទទួលឱកាសដឹកនាំប្រទេស ក្នុងនាមជារដ្ឋាភិបាលសំឡេងភាគតិច។ គួរបញ្ចាក់ថា គណបក្ស UMNO ទទួលបាន ៥៤អាសនៈ រីឯគណបក្ស PKR ចំនួន ៤២អាសនៈ។
គណបក្ស UMNO គឺជាគណបក្សមួយ ស្ថិតក្នុងគណបក្សកម្លាំងនយោបាយចំរុះ Barisan Nasional (BN) របស់លោក ណាជីប ដែលបានដឹកនាំប្រទេសម៉ាឡេស៊ី ជាបន្តបន្ទាប់អស់រយៈពេលជាង ៦០ឆ្នាំ គិតចាប់តាំងពីម៉ាឡេស៊ី ទទួលឯករាជ្យពីអង់គ្លេស។ គណបក្ស BN ទទួលបានសំឡេងគាំទ្រ ៧៩អាសនៈ ខណៈគណបក្ស PH ទទួលបាន ១១៣អាសនៈក្នុងចំណោមអាសនៈសរុប ២២២។
ដោយឡែកការអត្ថាធិប្បាយរបស់ លោក ណាជីប លើបញ្ហាអ្នកដែលត្រូវបន្តវេនពីលោក បានបង្កជាភាពមិនច្បាស់កើតមានឡើង បន្ទាប់ពីអ្នកនាំពាក្យព្រះបរមរាជវាំងម្នាក់បាននិយាយថា លោក មហាធា នឹងមិនអាចស្បថចូលកាន់ដំណែងជានាយករដ្ឋមន្ត្រី នៅថ្ងៃព្រហស្បតិ៍នេះដូចលោកបានប្រកាសនោះឡើយ៕