(គូឡាឡាំពួរ)៖ បន្ទាប់ពីទទួលបានជ័យជម្នះដ៏ភា្ញក់ផ្អើល នៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃពុធ លោក មហាធា ម៉ូហាម៉េដ (Mahathir Mohamad) បានប្រកាសថា លោកនឹងស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីថ្មី នៅថ្ងៃព្រហស្បតិ៍នេះតែម្តង។ ប៉ុន្តែប្រភពពីព្រះបរមរាជវាំងអះអាងថា ពិធីស្បថនេះនឹងមិនត្រូវបានធ្វើឡើងនៅថ្ងៃនេះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែឧសភា ឆ្នាំ២០១៨។
Channel News Asia ផ្អែកលើប្រភពដែលខ្លួនទទួលបាន បានរាយការណ៍ថា រដ្ឋាភិបាលនឹងមិនត្រូវបង្កើតឡើងនៅថ្ងៃព្រហស្បតិ៍នេះទេ។ ចំណែកឯសារព័ត៌មាន Malay Mail ក៏បានរាយការណ៍ដែរថា មន្ត្រីទំនាក់ទំនងបរមរាជវាំង លោក ម៉ូដ យូស្នី យូសូប (Mohd Husni Yusop) បានបញ្ជាក់ថា គេមិនទាន់កំណត់ថ្ងៃស្បថចូលកាន់តំណែងនៅឡើយទេ។ «មិនទាន់មានព័ត៌មានណាមួយ ពាក់ព័ន្ធនឹងការប្រារព្ធពិធីស្បថ ចូលកាន់តំណែងនេះទេ... ប៉ុន្តែវានឹងមិនត្រូវបានធ្វើឡើងនៅថ្ងៃនេះឡើយ»។ នេះបើតាម Husni Yusop។
គួរបញ្ជាក់ថា បើតាមគណៈកម្មាធិការរៀបចំការបោះឆ្នោតម៉ាឡេស៊ី EC គណបក្សប្រឆាំង ផាកាតាន់ ហារ៉ាផាន់ (Pakatan Harapan) ឬ PH របស់លោក មហាធា ទទួលបានអាសនៈ ១១៣ ក្នុងចំណោមអាសនៈសរុប ២២២ ហើយដែលនេះគឺគ្រប់គ្រាន់ឱ្យ លោកបង្កើតរដ្ឋាភិបាលថ្មី និងបញ្ចប់សម័យកាលដឹកនាំ នៃគណបក្សកម្លាំងនយោបាយចំរុះ បារីសាន ណាស៊ីណាល់ (Barisan Nasional) ឬ BN របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបច្ចុប្បន្ន លោក ណាជីប រ៉ាហ្សាក់ (Najib Razak) ដែលទទួលបាន៧៩អសនៈ។ លោក មហាធា មានវ័យ៩២ឆ្នាំ នឹងក្លាយជានាយករដ្ឋមន្ត្រីមានវ័យចំណាស់ជាងគេ នៅលើពិភពលោក ក្រោយពេលលោកចូលស្បថ កាន់តំណែងជាផ្លូវការ៕