(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅដល់មូលដ្ឋានទ័ពអាកាស អាន់ឌ្រូស៍ (Andrews) ស្ថិតនៅក្បែរទីក្រុងវ៉ាស៊ីនតោន ដើម្បីទទួលពលរដ្ឋអាមេរិកកាំងបីនាក់ ដែលត្រូវបានកូរ៉េខាងជើងដោះលែងឱ្យមានសេរីភាពឡើងវិញ។ នេះបើតាមសេតវិមានដកស្រង់ដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែឧសភា ឆ្នាំ២០១៨។
សេតវិមានបានឱ្យដឹងថា យន្ដហោះដឹករដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) និងពលរដ្ឋអាមេរិកទាំងបីនាក់បានចុះចត នៅឯមូលដ្ឋានទ័ពអាកាស Andrews ហើយអ្នកទាំងបីនាក់ ត្រូវបានកូរ៉េខាងជើងដោះលែងឱ្យមានសេរីភាព ក្រោយលោក Pompeo ទៅទទួលយកពួកគេដោយផ្ទាល់ ក្នុងដំណើរទស្សនកិច្ចក្នុងទីក្រុងព្យុងយ៉ាងកាលពីថ្ងៃពុធ។ សេតវិមានបន្ថែមថា ការសម្រេចចិត្តរបស់កូរ៉េខាងជើងនៅពេលនេះ គឺបានបង្ហាញពីចេតនា និងជាកាយវិការដ៏ល្អនៅមុនជំនួបរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន។
«ពួកយើងពិតជាសូមអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះរដ្ឋាភិបាលអាមេរិក លោកប្រធានាធិបតី ដូណាល់ ត្រាំ និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo រួមទាំងប្រជាជនអាមេរិកទាំងមូល ដែលបានខិតខំប្រឹងប្រែងនាំពួកយើងត្រឡប់មកផ្ទះវិញ»។ នេះបើតាមសេចក្ដីថ្លែងការណ៍រួមរបស់ពលរដ្ឋអាមេរិកទំាងបីនាក់ គឺលោក គីម ហាក់សុង (Kim Hak-song), លោក តូនី គីម (Tony Kim) និង លោក គីម ដុងជុល (Kim Dong-chul) ដែលបានជាប់ឃុំនៅកូរ៉េខាងជើង អស់រយៈពេលជាច្រើនខែ ពីបទចោទប្រកាន់ថា បានធ្វើចារកម្ម និងសកម្មភាពប្រឆាំងរដ្ឋអំណាច៕