(ហ្សាកាតា)៖ មន្ត្រីជាន់ខ្ពស់ឥណ្ឌូណេស៊ីម្នាក់ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា អ្នកទោសជាភេរវករជាច្រើននាក់ បានសម្រេចចិត្តប្រគល់ខ្លួន បន្ទាប់ពីបានបាញ់តបតជាមួយប៉ូលិស នៅក្នុងពន្ធនាគារមួយកន្លែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ
សារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែឧសភា ឆ្នាំ២០១៨។
យោងតាម លោក ស៊ីយ៉ាហ្វ្រូដឌីន (Syafruddin) ស្នងការរងប៉ូលិសឥណ្ឌូណេស៊ី ការផ្ទុះមួយដែលបានកើតឡើង គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរក្សាស្ថេរភាពរបស់ប៉ូលិស។ «យើងកំពុងគ្រប់គ្រងស្ថានភាពឡើងវិញ»។ នេះជាការគូសបញ្ជាក់របស់ លោក Syafruddin ដោយបន្ថែមថា អ្នកទោសជាភេរវករសរុប ១៥៦នាក់ ត្រូវបានចោទប្រកាន់ថា បានចូលរួមក្នុងការប៉ះទង្គិចគ្នាជាមួយប៉ូលិស ហើយភាគច្រើនក្នុងចំណោមពួកគេយល់ព្រមប្រគល់ខ្លួន និងត្រូវបានផ្ទេរទៅកាន់ពន្ធនាគារផ្សេង ក្នុងពេលឆាប់ៗនេះ។
គួរបញ្ជាក់ថា បើតាមប្រភពពីស៊ីនហួរ សំឡេងផ្ទុះដ៏ខ្លាំងចំនួន ០៤លើក បានកើតឡើង ក្រោយពីមានស្នូរគ្រាប់កាំភ្លើងជាច្រើនគ្រាប់ នៅក្នុងបរិវេណពន្ធនាគារមួយកន្លែង ដែលមិនទាន់ត្រូវបានគេបញ្ជាក់ឈ្មោះនៅឡើយទេ ខណៈចំនួនអ្នកស្លាប់ ឬរងរបួសក៏មិនទាន់ដឹងច្បាស់នៅឡើយដែរ៕