(អាមេរិក)៖ នាឱកាសនៃការថ្លែងសារដ៏សំខាន់ជាលើកដំបូង ក្នុងនាមជាប្រធានអង្គការ NASA លោក Jim Bridenstine បាននិយាយការពារកម្មវត្ថុ របស់ទីភ្នាក់ងារអវកាសអាមេរិកមួយនេះ ដែលមានបំណងទៅកាន់ឋានព្រះច័ន្ទ មុនចេញបេសកកម្មទៅកាន់ភពអង្គារ (Mars)។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែឧសភា ឆ្នាំ២០១៨។
លោក Bridenstine ដែលជាមន្រ្តីមកពីបក្សសាធារណរដ្ឋ បានស្បថចូលកាន់តំណែងជាមេ នៃទីភ្នាក់ងារអវកាស NASA កាលពីបីសប្តាហ៍មុន ក្រោយពី NASA បានបន្តធ្វើប្រតិបត្តិការ ដោយពុំមានអ្នកដឹកនាំអចិន្រ្តៃយ៍អស់រយៈពេល ១៥ខែ ជុំវិញការផ្លាស់ប្តូររបស់ប្រធានាធិបតីអាមេរិក។ ខណៈដែល NASA បានស្ថិតក្រោមការគ្រប់គ្រងរបស់ប្រធានស្តីទីរដ្ឋបាលលោក ដូណាល់ ត្រាំ បានបង្គាប់ឲ្យទីភ្នាក់ងារអវកាសនេះ ធ្វើការនាំយកមនុស្សត្រឡប់ទៅកាន់ឋានព្រះច័ន្ទជាថ្មីម្តងទៀត មុនមានការចេញបេសកកម្មទៅកាន់ភពអង្គារ។
ថ្លែងនៅឯទីស្នាក់ការកណ្តាលរបស់ NASA លោក Jim Bridenstine បានលើកឡើងថា «ភពអង្គារ និងព្រះច័ន្ទ នឹងជាបេសកកម្មដែលជួយជ្រោមជ្រែងគ្នាទៅវិញទៅមក។ ការត្រឡប់ទៅកាន់ផ្ទៃនៃឋានព្រះច័ន្ទវិញ នឹងអនុញ្ញាតឲ្យយើងមានលទ្ធភាពធ្វើឲ្យបច្ចេកវិទ្យាផ្សេងៗ កាន់តែមានភាពជឿនលឿន ដែលអាចជួយដល់ការបំពេញបេសកកម្មទៅកាន់ភពព្រះអង្គារ។ លោក Bridenstine បានគូសបញ្ជាក់ថា ការបង្កើតបេសកកម្មទៅកាន់ឋានព្រះច័ន្ទ គឺប្រៀបដូចជាការបង្កើតបណ្តាញផ្លូវដែក ឆ្ពោះទៅកាន់ភពអង្គារអ៊ីចឹងដែរ»៕
រំលឹកព័ត៌មាន៖ អាចថាជារឿងដែលគួរឲ្យរីករាយ និងគួរឲ្យទុកចិត្តបន្តិច ដោយអង្គការ NASA បានបញ្ជាក់ដោយផ្ទាល់នាសប្តាហ៍នេះថា ស្ថានីយអវកាសដែលកំពុងស្ថិតនៅក្នុងការអភិវឌ្ឍ និងគ្រោងយកទៅដាក់ឲ្យគោចរជុំវិញព្រះច័ន្ទនោះ នឹងត្រូវសម្រេចជាផ្លូវការនៅឆ្នាំ២០២៥ (មិនមែននៅអំឡុងទសវត្សរ៍ ២០២០ ឬឆ្នាំ២០២០-២០២៩ ដែលមិនច្បាស់ថា ឆ្នាំណាឲ្យប្រាកដទៀតនោះឡើយ)។ បើតាមព័តមានចេញផ្សាយនៅចុងខែមេសា។
ការអះអាងអំពីគំរោងបញ្ជូនស្ថានីយអវកាសថ្មី ទៅកាន់ព្រះច័ន្ទយ៉ាងច្បាស់លាស់នេះ គឺស្ថិតនៅក្នុងគោលដៅធំៗចំនួនពីរ នោះគឺទី ១៖ ដើម្បីសិក្សាបន្ថែមអំពីសក្តានុពលនានា ដែលមាននៅលើឋានព្រះច័ន្ទ ជាពិសេសគឺស្រទាប់ព្រះច័ន្ទ ព្រមទាំងទឹកនៅក្នុងនោះផងដែរ។ ទី ២៖ រក្សាស្ថានីយអវកាសនេះ គឺជាកន្លែងឈប់សំចតដ៏សំខាន់មួយសម្រាប់ក្រុមអវកាយានិក ដើម្បីរៀបចំខ្លួនឆ្ពោះដំណើរទៅភពអង្គារ ដែលគ្រោងធ្វើឡើងនៅទសវត្សរ៍ ២០៣០។
បើតាម NASA ស្ថានីយ Gateway ដែលមានឈ្មោះដើមថា Deep Space Gate នេះ នឹងមិនត្រឹមតែជាកន្លែងដើម្បីស្នាក់នៅ រៀនសូត្រ និងបំពេញការងារនៅកៀកនឹងព្រះច័ន្ទប៉ុណ្ណោះទេ វាក៏នឹងអាចជួយគាំទ្រដល់បេសកកម្មជាច្រើនផ្សេងទៀតផងដែរ ទៅកាន់ឋានព្រះច័ន្ទ និងសូម្បីតែទៅកាន់ភពអង្គារ (Mars) និងកន្លែងឆ្ងាយៗដទៃទៀត ហើយក្រុមអ្នកវិទ្យាសាស្រ្ត អាចប្រើប្រាស់ឧបករណ៍ដ៏សម្បូរបែប និងទំនើបៗនៅក្នុងស្ថានីយ ដើម្បីសិក្សាតាមដានមើលភពផែនដី និងព្រះអាទិត្យព្រមពេលជាមួយគ្នាថែមទៀត៕