(អ៊ីស្រាអែល)៖ យោធាអ៊ីស្រាអែលបានអះអាងថា កងកម្លាំងអ៊ីរ៉ង់បានបាញ់រ៉ុក្កែតជាច្រើនគ្រាប់ លើមូលដ្ឋានយោធារបស់ខ្លួនស្ថិតនៅតំបន់ Golan Heights ជាប់ព្រំដែនជាមួយស៊ីរី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែឧសភា ឆ្នាំ២០១៨។
ភាពតានតឹងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់បានផ្ទុះឡើងជាថ្មី ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីឆ្នាំ២០១៥។ ជាពិសេសទៅទៀត គឺបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា អ៊ីស្រាអែល បានបាញ់មីស៊ីលជាច្រើនគ្រាប់ លើមូលដ្ឋានយោធាមួយកន្លែង នៅភាគខាងត្បូងទីក្រុងដាម៉ាស់ ប្រទេសស៊ីរីកាលពីថ្ងៃអង្គារ ដោយបាន ផ្ដាច់ជីវិតកងកម្លាំងស្ម័គ្រស្មោះនឹងរដ្ឋាភិបាលស៊ីរី ១៥នាក់ កាលពីថ្ងៃអង្គារ។ នេះបើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី។
ដោយឡែក យោធាអ៊ីស្រាអែលនៅថ្ងៃព្រហស្បតិ៍នេះ ក៏បានឱ្យដឹងដែរថា កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានបាញ់គ្រាប់រ៉ុក្កែតប្រមាណ ២០គ្រាប់ លើមូលដ្ឋានយោធាអ៊ីស្រាអែល នៅក្នុងតំបន់ Golan Heights ដោយក្នុងនោះគ្រាប់រ៉ុក្កែតមួយចំនួនត្រូវស្ទាក់ចាប់ តែវាក៏ មិនបានបំផ្លិចបំផ្លាញអ្វីធ្ងន់ធ្ងរនោះដែរ។
គួររំលឹកថា កាលពីដើមសប្ដាហ៍កន្លងទៅ យោធាអ៊ីស្រាអែលបាននិយាយថា កងកម្លាំងអ៊ីរ៉ង់ ក៏កំពុងធ្វើសកម្មភាពមិនប្រក្រតី នៅក្នុងតំបន់ Golan Heights ជាទីដែលយោធាអ៊ីស្រាអែល ត្រូវបានដាក់ឱ្យនៅក្នុងស្ថានភាពប្រុងជើងការខ្ពស់ ក៏ដូចជាអំពាវនាវឱ្យជនស៊ីវិល រកកន្លែងមានសុវត្ថិភាព៕