(គូឡាឡាំពួរ)៖ លោក មហាធា ម៉ូហាម៉េដ (Mahathir Mohamad) នឹងស្បថចូលកាន់ដំណែងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលមានវ័យចំណាស់ជាងគេនៅលើពិភពលោក នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីគណបក្សប្រឆាំងរបស់លោកទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រនៅក្នុងការបោះឆ្នោតសកល នៅថ្ងៃពុធម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែឧសភា ឆ្នាំ២០១៨។
យោងតាមគណៈកម្មាធិការរៀបចំការបោះឆ្នោតម៉ាឡេស៊ី EC គណបក្សប្រឆាំង ផាកាតាន់ ហារ៉ាផាន់ (Pakatan Harapan) ឬ PH របស់លោក មហាធា ទទួលបានអាសនៈច្រើនជាង ១២២ ហើយដែលនេះគឺគ្រប់គ្រាន់ឱ្យលោកបង្កើតរដ្ឋាភិបាលថ្មី និងបញ្ចប់សម័យកាលដឹកនាំ នៃគណបក្សកម្លាំងនយោបាយចំរុះ បារីសាន ណាស៊ីណាល់ (Barisan Nasional) ឬ BN របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបច្ចុប្បន្ន លោក ណាជីប រ៉ាហ្សាក់ (Najib Razak) ដែលបានដឹកនាំម៉ាឡេស៊ីរាប់ទសវត្សរ៍មកនេះ។ EC បានបញ្ជាក់នៅក្នុងលទ្ធផលឆ្នោតចុងក្រោយបំផុតនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា គណបក្ស PH ទទួលបានអាសនៈ ១១៥ ចំណោមអាសនៈសរុប ២២២ ខណៈគណបក្ស BN ទទួលបានអាសនៈ ៧៩។
គួរបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រី លោក Mahathir Mohamad បច្ចុប្បន្នមានអាយុ ៩២ឆ្នាំទៅហើយ ប៉ុន្តែលោកបានប្រកាសត្រឡប់ចូលឆាកនយោបាយវិញ ក្រោយប្រជាប្រិយភាពរបស់លោក Najib ធា្លក់ចុះយ៉ាងខ្លាំងដោយសារតែរឿងអាស្រូវពុករលួយ។ មួយវិញទៀត បើគេចាំមិនភ្លេចទេ លោក Mahathir ផ្ទាល់គឺជាអ្នកណែនាំ និងជួយជ្រោមជ្រែងឱ្យលោក Najib ជាប់ឆ្នោតជានាយករដ្ឋមន្ត្រី តែដោយសារតែរឿងអាស្រូវពុករលួយ ទើបធ្វើអ្នកនយោបាយទាំងពីរ ធា្លប់តែជាមិត្តនឹងគ្នាក្លាយជាគូប្រជែង រហូតដល់លោក Mahathir និយាយថា រឿងដែលលោកស្ដាយក្រោយបំផុតនៅក្នុងជីវិត គឺជួយលោក Najib ឱ្យធ្វើជានាយករដ្ឋមន្ត្រី៕