(ដាម៉ាស់)៖ យ៉ាងហោចណាស់មនុស្ស ០២នាក់ស្លាប់ និង ១៤នាក់រងរបួស បន្ទាប់ពីគ្រាប់រ៉ុក្កែតមួយហ្វូងបានធ្លាក់ចំតំបន់ ស្ថិតនៅកណ្តាលបេះដូង នៃទីក្រុងដាម៉ាស់ប្រទេសស៊ីរី នៅថ្ងៃពុធនេះតែម្តង ខណៈមិនទាន់មានការបញ្ជាក់ថា វាមានប្រភពមកពីណានោះឡើយ តែក្រុមភេរវករធំមួយ ត្រូវបានដាក់ការសង្ស័យ។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាល្ងាចថ្ងៃពុធ ទី០៩ ខែឧសភា ឆ្នាំ២០១៨។
តាមទូរទស្សន៍រដ្ឋស៊ីរី គ្រាប់រ៉ុក្កែតខាងលើនេះបានធ្លាក់នៅក្នុងសង្កាត់ Maysat និងតំបន់ Marjeh ដែលនៅក្បែរនោះ ដោយបានបង្កជាការខូចខាតទ្រព្យសម្បត្តិសាធារណៈ និងរថយន្តមួយចំនួនផងដែរ បន្ថែមពីលើមនុស្សស្លាប់ ០២នាក់ និងរបួស ១៤នាក់នោះ។
គួរបញ្ជាក់ថា តាមការសន្និដ្ឋានតំណាក់កាលដំបូង ក្រុមភេរវករ ISIS អាចជាអ្នកស្ថិតនៅពីក្រោយការវាយប្រហារខាងលើនេះ ខណៈកងកម្លាំងរដ្ឋាភិបាលស៊ីរី កំពុងតែបង្កើតឥទ្ធិពលក្នុងការគ្រប់គ្រងទឹកដីស៊ីរីមួយភាគធំឡើងវិញ៕