(ម៉ូស្គូ)៖ ក្នុងឱកាសបន្ទាប់ពីបានស្បថឡើងកាន់តំណែងជាផ្លូវការ ក្នុងអាណត្តិទីបួន ជាប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានលើកឡើងថា ប្រទេសរបស់លោក បើកទ្វារចំហទទួលស្វាគមន៍ជានិច្ច ចំពោះការបើកកិច្ចសន្ទនា ក៏ដូចជាចរចាជាមួយបណ្តាប្រទេសឯទៀតៗ ដើម្បីសំដៅថែរក្សាការពារសន្តិភាព និងស្ថិរភាពពិភពលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី០៩ ខែឧសភា ឆ្នាំ២០១៨។
កាលពីល្ងាចថ្ងៃចន្ទដើមសប្តាហ៍នេះ ពិធីស្បថឡើងកាន់តំណែងជាផ្លូវការរបស់លោក វ៉្លាឌីមៀ ពូទីន ជាប្រធានាធិបតីរុស្ស៊ីនាអាណត្តិថ្មី ដែលត្រូវជាអាណត្តិទី ៤ របស់បុរសខ្លាំងរុស្ស៊ីរូបនេះ បានប្រព្រឹត្តទៅនៅក្នុងវិមានក្រឹមឡាំង នៃរដ្ឋធានីម៉ូស្គូដោយក្នុងឱកាសនោះ លោកបានបង្ហាញពីការប្តេជ្ញាចិត្តថែរក្សាផលប្រយោជន៍ជាតិរុស្ស៊ីជាធំ និងធ្វើការគ្រប់គ្រងប្រទេសរយៈពេល ០៦ឆ្នាំ ទៅមុខទៀតប្រកបដោយភាពទទួលខុសត្រូវធំធេងបំផុត និងបានថ្លែងសារប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ ទៅកាន់អ្នកចូលរួមរាប់ពាន់នាក់ ដែលបានបង្ហាញវត្តមានដោយផ្ទាល់នៅទីនោះ ព្រមទាំងជនរួមជាតិរុស្ស៊ីទាំងជិត ១៤៤លាននាក់ ដែលទស្សនាតាមកញ្ចក់ទូរទស្សន៍។
លោក ពូទីន បានឡើងកាន់អំណាចអស់រយៈពេល ១៨ឆ្នាំមកហើយ ទាំងក្នុងនាមជាប្រធានាធិបតី និងនាយករដ្ឋមន្ត្រីរុស្ស៊ី ដោយក្នុងមួយអាណត្តិមានរយៈពេល ០៦ឆ្នាំ។ លោក វ៉្លាឌីមៀ ពូទីន ទទួលបានសំឡេងគាំទ្រ ៧៦ភាគរយ នៅក្នុងការបោះឆ្នោតប្រធានាធីបតីកាលពីខែមីនា ហើយដែលនេះគឺជាជ័យជម្នះដ៏ធំបំផុតរបស់លោក។
គួរជម្រាបផងដែរថា ការធ្វើអត្ថាធិប្បាយរបស់លោក ពូទីន នាថ្ងៃពុធសប្តាហ៍នេះ ត្រូវបានធ្វើឡើងក្នុងឱកាស ដែលលោកបានចូលរួមក្នុងក្បួនព្យុហយាត្រាយោធាដ៏ធំសម្បើមមួយ រួមមានទាំងការដើរក្បួនយ៉ាងអង់អាចរបស់កងទ័ព ព្រមទាំងការដង្ហែរគ្រឿងសព្វាវុធទំនើបៗ និងការហោះសម្តែងលើផ្ទៃអាកាសយ៉ាងអស្ចារ្យនៃក្រុមយន្តហោះ និងឧទ្ធម្ភាគចក្រ ដើម្បីរំលឹកខួប ៧៣ឆ្នាំ នៃទិវាជ័យជម្នះលើពួក Nazi អាល្លឺម៉ង់ កាលពីសម័យសង្រ្គាមលោកលើកទីពីរ៕