(សេអ៊ូល)៖ ជំនួបនាដើមសប្តាហ៍ដែលត្រូវបានធ្វើឡើងជាថ្មីម្តងទៀត រវាងមេដឹកនាំចិន-កូរ៉េខាងជើង នឹងជួយលើកស្ទួយកិច្ចខិតខំប្រឹងប្រែងក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរ ព្រមទាំងសន្តិភាពនៅឧបទ្វីបកូរ៉េ។ នេះបើតាមការលើកឡើងរបស់ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី០៩ ខែឧសភា ឆ្នាំ២០១៨។
អ្នកនាំពាក្យក្រសួងការបង្រួបបង្រួមជាតិកូរ៉េខាងត្បូង លោក បេក តែយុន (Baik Tae-hyun) ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយបាននិយាយថា ជំនួបខាងលើបានកើតមានឡើង ចំវេលាដ៏សំខាន់បំផុតមួយ នៅពេលដែលតំបន់ឧបទ្វីបកូរ៉េ កំពុងជួបប្រទះការប្រែប្រួលដ៏ល្អប្រពៃ។ លោក Baik បានលើកឡើងថា ទំនាក់ទំនង និងការកសាងទំនុកចិត្តរវាងមេដឹកនាំនៃប្រទេសសំខាន់ៗទាំងពីរនេះ នឹងជួយដល់ការសម្រេចបាននូវឧបទ្វីបកូរ៉េ ដែលគ្មានអាវុធនុយក្លេអ៊ែរ តាមរយៈរំសាយអាវុធប្រល័យលោកនេះ និងការកសាងដំណាក់កាលសន្តិភាពរឹងមាំ និងអចិន្រ្តៃយ៍មួយនៅលើតំបន់នេះ។
គួរជម្រាបថា កាលពីថ្ងៃទី០៧ និងទី០៨ ខែឧសភា ឆ្នាំ២០១៨ លោក ស៊ី ជីនពីង និងលោក គីម ជុងអ៊ុន បានជួបពិភាក្សាគ្នាជាថ្មីម្តងទៀតនៅទីក្រុង Dalian នៃខេត្ត Liaoning ភាគឦសានប្រទេសចិន ហើយវាគឺជាកិច្ចជំនួបលើកទីពីរនៅក្នុងកំឡុងពេល ០២ខែចុងក្រោយនេះ និងបានកើតមានឡើងបន្ទាប់ពីកិច្ចប្រជុំអន្តរកូរ៉េរវាងលោក គីម និងលោក មូន ជែអ៊ីន នៅថ្ងៃទី២៧ ខែមេសា តែនៅមុនកិច្ចប្រជុំកូរ៉េខាងជើង-អាមេរិក រវាងលោក គីម និងលោក ដូណាល់ ត្រាំ៕