(គូឡាឡាំពួរ)៖ គណៈកម្មាធិការរៀបចំការបោះឆ្នោតម៉ាឡេស៊ី (EC) បានឱ្យដឹងថា ប្រជាជនម៉ាឡេស៊ី ៦៩ភាគរយ បាននាំគ្នាទៅបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតទូទាំងប្រទេស គិតត្រឹមម៉ោងបីរសៀលថ្ងៃពុធនេះ (ម៉ោងនៅក្នុងតំបន់)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី០៩ ខែឧសភា ឆ្នាំ២០១៨។
យោងតាម EC គិតត្រឹមម៉ោង ០១៖០០នាទីរសៀល អ្នកបោះឆ្នោត ៥៥ភាគរយ បានទម្លាក់សន្លឹកឆ្នោតរបស់ពួកគេចូលក្នុងហិបឆ្នោត ប៉ុន្តែចំនួននេះមានកំរិតទាប បើធៀបទៅនឹងការបោះឆ្នោតកាលពីឆ្នាំ២០១៣ គិតត្រឹមម៉ោង ០១៖០០នាទីរសៀលដូចគ្នា ខណៈរហូតមកដល់មក ០៣៖០០នាទីរសៀលនេះ ទើបចំនួនអ្នកបោះឆ្នោតកើនដល់ ៦៩ភាគរយ។
គួរបញ្ជាក់ថា ប្រជាជនម៉ាឡេស៊ីជាង ១៤លាននាក់ ដែលមានសិទ្ធិបោះឆ្នោត បានចាប់ផ្ដើមធ្វើដំណើរទៅកាន់ការិយាល័យបោះឆ្នោត ហើយនៅថ្ងៃពុធនេះ។ ការបោះឆ្នោតសកលនេះ ត្រូវបានធ្វើឡើងមុនកាលកំណត់ ក្រោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសយកថ្ងៃទី០៩ ខែឧសភា ជាថ្ងៃដែលប្រជាជនម៉ាឡេស៊ី បោះឆ្នោតជ្រើសរើសសមាជិកសភាទាំង ២២២នាក់ រួមទាំងសមាជិក សភាក្នុងរដ្ឋចំនួន១២ នៃរដ្ឋទាំងអស់ចំនួន ១៣។
លើសពីនេះទៅទៀត ប្រជាជនម៉ាឡេស៊ី ក៏នឹងកំណត់ផងដែរថា តើនាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក ណាជីប រ៉ាហ្សាក់ (Najib Razak) ឬក៏មេដឹកនាំបក្សប្រឆាំងវ័យ ៩២ឆ្នាំ លោក មហាធា ម៉ូហាម៉េដ (Mahathir Mohamad) ដែលនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មី។ ដោយ ឡែកនៅក្នុងថ្ងៃបោះឆ្នោតនេះ ក៏មានការតវ៉ាមួយចំនួនពីអ្នបោះឆ្នោតផងដែរ ដោយពួកគេអះអាងថាមន្ត្រី EC ខ្លះមិនបានវ៉ៃត្រាលើ សន្លឹកឆ្នោតរបស់ពួកគេ ហើយពួកគេព្រួយបារម្ភខ្លាចក្រែងសន្លឹកឆ្នោតទាំងនោះត្រូវបាបដិសេធ។ ចំណែកឯ ប្រធាន EC លោក Mohd Hashim Abdullah និយាយថា ធ្វើការស៊ើបអង្កេតលើករណីនេះ៕