(ម៉ូស្គូ) ៖ បន្ទាប់ពីព្រឹត្តិការណ៍​បោះឆ្នោត​នៅប្រទេស​រុស្ស៊ី នាខែមីនា ឆ្នាំ២០១៨ និងការស្បថឡើងកាន់តំណែងជាផ្លូវការ នាដើមសប្តាហ៍នេះ លោក វ្ល៉ាឌីមៀ ពូទីន នៅតែអាចរក្សាដំណែងជាប្រធានាធិបតីរុស្ស៊ី​ដដែល ដោយមិនទាន់មា​ន​អ្នកណា​ អាចផ្ដួលលោក​ពីសង្វៀននយោបាយ​នេះ​បាននៅឡើយ បើទោះបីជា​លោកធ្លាប់កាន់​អំណាចតាំ​ងពីឆ្នាំ​១៩៩៩ មកក៏ដោយ​ក្តី។

យោងតាម​មាត្រា ៨១ នៃរដ្ឋធម្មនុញ្ញសហព័ន្ធ​រុស្ស៊ី​បានឱ្យដឹង​ថា ប្រធានាធិបតី​គ្រប់រូប មិនអាចកាន់​អំណាចច្រើនជាងពីរ​អាណត្តិ​ជាប់គ្នាបាន​ឡើយ។ ទាក់ទិន​នឹងច្បាប់នេះ យើងអាចនឹង​មានការ​ភ័ន្តច្រឡំ និងចោទជា​ចម្ងល់ចំពោះ​ករណីលោក ពូទីន ដោយសារ​យោងតាមប្រវត្តិសាស្ត្រ​រុស្ស៊ី​បានបញ្ជាក់ថា មេដឹកនាំ​កំពូលរូបនេះ កាន់អំណាច​រហូត​ចាប់តាំង​ពីឆ្នាំ១៩៩៩ មកដល់បច្ចុប្បន្ន។

ជាការពិត​លោកពិតបាន​កាន់អំណាចរហូត​តាំងពីឆ្នាំ១៩៩៩មក ដោយគ្មានការ​ឈប់សម្រាក ដោយគ្រាន់តែ​ផ្លាស់ប្តូរដំណែងម្តង​ជានាយករដ្ឋមន្ត្រី និងម្តងជា​ប្រធានាធិបតី​ប៉ុណ្ណោះ។ វាអាចចាត់ទុក​ជាភាពឆ្លៀសវៃ​មួយរបស់លោក ពូទីន ដើម្បីអាចកាន់​អំណាច​បន្តបន្ទាប់​ប្រកប​ដោយ​ភាព​​ស្រប​ច្បាប់។

ចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០០ លោក ពូទីន កាន់អំណាចជា​នាយករដ្ឋមន្ត្រី​រុស្ស៊ី។ ហើយនៅ​រវាងឆ្នាំ២០០០ ដល់ឆ្នាំ២០០៤ និងពី​ឆ្នាំ២០០៤ ដល់ឆ្នាំ២០០៨ លោកបានកាន់​អំណាចជាប្រធានាធិបតី​ពីរអាណត្តិ​ជាប់គ្នា (កាលនោះ​មួយ​អាណត្តិមានរយៈពេល​តែបួនឆ្នាំ​​ប៉ុណ្ណោះ)។ ចំណែករវាង​​ឆ្នាំ២០០៨ ដល់ ឆ្នាំ២០១២ លោកបានកាន់​ដំណែង​ជានាយករដ្ឋ​មន្ត្រី​រុស្ស៊ីជាថ្មី ហើយចាប់​ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៨ លោកបានកាន់ដំណែង​ជាប្រធានាធិបតី​វិញម្តងទៀត ដោយបច្ចុប្បន្ន​មួយអាណត្តិ​មានរយៈពេល ០៦ឆ្នាំ។ បន្ទាប់ពី​ភាព​ជោគជ័យជាថ្មី​បុរសវ័យ ៦៥ឆ្នាំ​រូបនេះ ត្រូវបានចាត់​ទុកជាបុរសខ្លាំង​ប្រចាំប្រទេស​រុស្ស៊ី ដោយសារ​លោកបានកាន់អំណាច​ពីរអាណត្តិ​ជាប់គ្នា​ជាថ្មី។

* ហេតុអ្វីបាន​ជាលោក​នៅតែអាចរក្សា​ដំណែង​ជាមេដឹកនាំរុស្ស៊ី​រហូតមក?

ការពិតភាព​ខ្លាំងនៃមេដឹកនាំ​រដ្ឋគ្រប់រូប អាស្រ័យប្រសិទ្ធភាព​នៃការ​ប្រើប្រាស់ អំណាច​របស់បុគ្គល​រូបនោះ សមិទ្ធិផល​ដែលសម្រេច​បាន និងបូករួមទាំង​កត្តាផ្សេងៗ។ ប្រសិនយើង​ច្របាច់​ហេតុផលទាំងអស់​ខាងលើបញ្ជូលគ្នា វាអាចពន្យល់បាន​កាន់តែ​ច្បាស់ថា ហេតុអ្វីបាន​ជាលោក​ប្រធានាធិបតី ពូទីន ត្រូវបានជាប់​ក្នុងចំណាត់​ថ្នាក់កំពូល ក្នុងនាមជាបុគ្គល​ដ៏មានឥទ្ធិពល​បែបនេះ។

ក្នុងពេលកាន់ដំណែង លោកក៏បាន​ផ្តល់នូវសមិទ្ធិផលជាច្រើន​ ក្នុងនោះមាន​ដូចជាបង្កើតច្បាប់​ពន្ធដារ ដោយកាត់បន្ថយពន្ធ​ផ្នែកប្រាក់​ចំណូល ការបង្កើនការ​យកចិត្តទុកដាក់​ទៅលើវិស័យ​យោធា និងកំណែទម្រង់​នយោបាយ។ មិនតែប៉ុណ្ណោះ​តាមរយៈគោល​នយោបាយ​ថាមពល​របស់លោក ធ្វើឲ្យរុស្ស៊ី​ក្លាយជាប្រទេស​មហាអំណាច​ផ្នែកថាមពល ​នៅលើ​ពិភពលោក។

ជាមួយគ្នានេះដែរ លោកបាន​បង្ហាញការគាំទ្រ និងជម្រុញផ្នែក​បច្ចេកវិទ្យាដូច​ជាកម្មវិធី​នុយក្លេអ៊ែរ វិស័យ​ការពារជាតិ​ជាដើម។ លោកក៏បាន​ចូលរួមចំណែក​ក្នុងការបង្កើន​ការវិនិយោគពីបរទេសផងដែរ។ ប៉ុន្តែ ថ្មីៗនេះការវិនិយោគពីបរទេសបានធ្លាក់ចុះ ២,៥ភាគរយ លទ្ធផលដោយសារ​ការលូកដៃរបស់​លោក ចូល​ក្នុងវិបត្តិនៅ​អ៊ុយក្រែន។

មូលដ្ឋានគ្រឹះ​នៃប្រព័ន្ធដឹកនាំ​ដែល លោក ពូទីន កសាងឡើង​ គឺជាគំនិតដែលគ្មាន​ជម្រើសអ្វីផ្សេង​មកជំនួសលោក​បានឡើយ។ អនុប្រធាន​បុគ្គលិកដ៏ល្បីល្បាញ​ម្នាក់ប្រចាំ​ប្រទេស រុស្ស៊ី ហ៊ានលើក​ឡើងថា «គ្មាន​លោក ពូទីន គ្មានរុស្ស៊ី»។

យើងអាចវាស់​ស្ទង់អំណាច និងសមត្ថភាព​របស់មេដឹកនាំ​រូបនេះ ដោយការពិនិត្យ និងប្រៀបធៀប​ទៅលើស្ថានភាព​របស់រុស្ស៊ីពីមុន និងបច្ចុប្បន្ន។ កាលពីជាង​រាប់រយឆ្នាំមុន ប្រទេសរុស្ស៊ី​បានលិចលង់​ក្នុងរបបរាជានិយម ការដួលរលំ​នៃរបបប្រជាធិបតេយ្យ ការធ្លាក់ដុនដាប និងបញ្ហាសង្គ្រាម​លោកលើក​ទីពីរ ដែលក្នុងនោះ​ប្រជាពលរដ្ឋ​រុស្ស៊ីជាង ១០លាននាក់ បានស្លាប់។ មិនតែប៉ុណ្ណោះ ប្រទេស​រុស្ស៊ី​ក៏ត្រូវបានញាំញី​ដោយ របបដ៏សាហាវ​របស់ស្តាលីន ការដួលរលំ​នៃរបបកុម្មុយនីស្ត និងការបែកបាក់សភាពសូវៀត។ កាន់តែហួសចិត្ត​នោះគឺ ប្រទេស​រុស្ស៊ីត្រូវរងការឈឺ​ចាប់ដោយសារ​ភាពពុករលួយ និងភាពវឹកវរ​ក្រោមការដឹកនាំរបស់​លោក Boris Yeltsin ដែលបាន​អូសបន្លាយ​អស់ រយៈពេល​ជាច្រើន​ឆ្នាំ។

ទោះបី​ជារុស្ស៊ី ត្រូវដួលស្ទើរ​ងើបមុខមិនរួច ប៉ុន្តែក្រោមការ​ដឹកនាំរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដែលបានស្វែងរក​ស្ថិរភាព ទស្សនៈវិស័យ​ប្រកបដោយ​ប្រជាប្រិយភាព ការបង្កើនស្តង់ដា​រស់នៅរបស់​មនុស្ស ការបង្កើន​ការគោរពពីសំណាក់​បណ្តាប្រទេស​លើពិភពលោក ព្រមទាំងបង្កើត​ភាពលេចធ្លោ​សម្រាប់រុស្ស៊ី លើឆាកអន្តរជាតិ ដែលការគោរព និងការផ្តល់​កិត្តិយសពីសំណាក់​អន្តរជាតិ ពិតជាមាន​សារៈសំខាន់​ជាខ្លាំង។ ប្រទេស រុស្ស៊ីក្រោមការដឹកនាំរបស់បុរសដ៏មានឥទ្ធិពលរូបនេះ ទទួលបានមោទនភាពយ៉ាងធំធេង។

មិនតែប៉ុណ្ណោះ បុរសខ្លាំងរូបនេះ​បានយល់ច្បាស់អំពី​ភាពរងគ្រោះ​ នៃសង្គមបែបសេរី ការបែកបាក់ និងជម្លោះផ្ទៃក្នុង។ លោកក៏យល់​ច្បាស់​ផងដែរ​អំពីភាពផុយស្រួយ​នៃស្ថាប័នធំៗ​មួយចំនួន​មានជាអាថ៌៖ សហភាពអឺរ៉ុប និងគំនិត​នៃការធ្វើ​សមាហរណកម្ម​ជាដើម។ លោក ពូទីន ជាមេដឹកនាំ​ដែលអាចប្រើប្រាស់​អំណាច​ ក្នុងនាមជាប្រធានាធិបតី​ប្រកបដោយ​ប្រសិទ្ធភាព មិនសូវ​ផ្តាច់ការ ឬគ្មាន​មេតា្ត និងផ្តល់សេរីភាព​ច្រើន បើធៀបនឹងមេដឹកនាំ​មុនៗ។ ហេតុផល​ទាំងនេះ​អាចពន្យល់បានថា ហេតុអ្វីបាន​ជាលោក ពូទីន នៅតែមាន​ប្រជាប្រិយភាព​សម្រាប់ប្រជាពលរដ្ឋ​រុស្ស៊ី ទោះ​បីជាលោកធ្លាប់កាន់អំណាច​យូរមកហើយ​ក្តី៕

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា
https://www.economist.com/blogs/economist-explains/2018/03/economist-explains-13
https://www.channelnewsasia.com/news/commentary/vladimir-putin-popular-russia-win-election-10058372
https://www.theguardian.com/commentisfree/2017/mar/27/russia-house-vladimir-putin-built-never-abandon