(ប៉េកាំង)៖ យន្តហោះដឹកជញ្ជូនខ្នាតធំ Y-20 របស់ប្រទេសចិន ត្រូវបានគេធ្វើតេស្តហោះហើរនិងឆ្លងការហ្វឹកហាត់ដឹកជញ្ជូនតាមផ្លូវអាកាស ដោយជោគជ័យជាលើកដំបូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០៩ ខែឧសភា ឆ្នាំ២០១៨។
យោងតាមលោក Shen Jinke អ្នកនាំពាក្យកងទ័ពអាកាសចិន ជោគជ័យខាងលើនេះ គឺជាការបោះជំហានមួយ នៅក្នុងការដឹកជញ្ជូនបែបយុទ្ធសាស្រ្ត និងការបង្កើនសមត្ថភាពប្រយុទ្ធផ្លូវអាកាសចម្ងាយឆ្ងាយ របស់កងអង្គភាពនេះ ហើយសមត្ថភាពនៃកងទ័ពអាកាសចិន គួរតែអាចត្រូវពង្រីកទៅមុខ ដរាបណាផលប្រយោជន៍ជាតិរបស់ចិននៅតែអាចទៅដល់ ដើម្បីផ្តល់ការធានាផ្នែកសន្តិសុខផ្លូវអាកាសដែលអាចជឿទុកចិត្តបានសម្រាប់ការអភិវឌ្ឍប្រទេស។
គួរជម្រាបថា យន្តហោះធុន Y-20 ដែលត្រូវបានបញ្ជូលទៅក្នុងជួរកងទ័ពអាកាសចិន កាលពីខែកក្កដា ឆ្នាំ២០១៦ និងមានទម្ងន់ជាអតិរមាសម្រាប់ការហោះហើរប្រមាណជា ២០០តោន នោះគឺសាកសមបំផុតសម្រាប់ការដឹកជញ្ជូនទំនិញ និងមនុស្ស ក្នុងការធ្វើដំណើររយៈចម្ងាយឆ្ងាយ ហើយនៅក្រោមស្ថានភាពអាកាសធាតុខុសៗគ្នា៕