(ញូយ៉ក)៖ អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ (UN) លោកស្រី នីកគី ហាឡេយ (Nikki Haley) បាននិយាយថា សហគមន៍អន្តរជាតិកំពុងធ្វើបាបអ៊ីស្រាអែល ដោយសារតែការបង្រ្កាបរបស់អាជ្ញាធរអ៊ីស្រាអែល ទៅលើក្រុមបាតុករប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា។ ប៉ុន្តែព្រមពេលជាមួយគ្នា មន្ត្រីទូតតំណាងអាមេរិករូបនេះ ក៏បានព្រមានដែរថា ការធ្វើបាបអ៊ីសា្រអែល មានន័យស្មើធ្វើបាបសហរដ្ឋអាមេរិក។ នេះ បើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃពុធ ទី០៩ ខែឧសភា ឆ្នាំ២០១៨។
លោកស្រី Nikki Haley បានលើកឡើងយ៉ាងដូច្នេះថា «វាគឺជាការរំលោភបំពាន ហើយគឺជាអ្វីដែលសហគមន៍អន្តរជាតិ បានធ្វើអាក្រក់ដាក់អ៊ីសា្រអែល។ មិនតែប៉ុណ្ណោះ វាថែមទាំងបានរំលឹកខ្ញុំទៀតផងថា ទង្វើនេះប្រៀបបានទៅនឹងកូនក្មេងម្នាក់ត្រូវបានគេធ្វើបាប នៅសួនកម្សាន្ត»។ តែយ៉ាងណា ខ្ញុំមិនចង់ឱ្យរឿងបែបនេះកើតឡើង ហើយក៏មិនចង់ស្រែកដាក់អ្នករាល់គ្នាដែរ... ប៉ុន្តែយើងនៅពីក្រោយអ៊ីស្រាអែល ដូច្នេះបើពួកគេធ្វើបាបអ៊ីស្រាអែល ពួកគេក៏មិនខុសពីត្រូវធ្វើបាបសហរដ្ឋអាមេរិកដែរ»។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោកស្រី Nikki Haley ធ្វើឡើងនៅក្នុងសន្និបាតប្រចាំឆ្នាំ នៃអង្គការសមាគមអាមេរិក និងក្រុមប្រឹក្សាអាមេរិក (AS/COA) រៀបចំឡើងនៅឯក្រសួងការបរទេសអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ៕