(សេអ៊ូល)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) ត្រូវបានគេរំពឹងថា នឹងត្រឡប់មកពីកូរ៉េខាងជើងវិញជាមួយពលរដ្ឋអាមេរិកកាំងបីនាក់ ដែលកំពុងជាប់ឃុំនៅកូរ៉េខាងជើង ព្រមទាំងព័ត៌មានលម្អិតជុំវិញជំនួបកំពូងរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន។ នេះបើតាមមន្ត្រីកូរ៉េខាងត្បូងម្នាក់ ដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី០៩ ខែឧសភា ឆ្នាំ២០១៨។
យោងតាមមន្ត្រីកូរ៉េខាងត្បូងដដែល ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ លោក ប៉ុមប៉េអូ បានធ្វើដំណើរទៅដល់កូរ៉េខាងជើង នៅថ្ងៃពុធនេះ ដោយធ្វើដំណើរចាកចេញពីប្រទេសជប៉ុន ហើយបានឆ្ពោះបន្តទៅកាន់សណ្ឋាគារ Koryo Hotel ក្នុងទីក្រុងព្យុងយ៉ាង ដើម្បី ពិភាក្សាការងារជាមួយក្រុមមន្ត្រីកូរ៉េខាងជើង។ លើសពីនេះទៅទៀត មន្ត្រីរូបនេះបានបញ្ជាក់បន្ថែមថា លោករដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ នឹងបញ្ជាក់កាលបរិច្ឆេទសម្រាប់ជំនួបកំពូលអាមេរិក-កូរ៉េខាងជើង ព្រមទាំងធានាការដោះលែង អ្នកទោសអាមេរិកបីនាក់ផងដែរ។
«បើសិនជាអ្នកទោសអាមេរិកទាំងបីនាក់ត្រូវបានដោះលែង នោះវានឹងក្លាយជារឿងដ៏អស្ចារ្យ... យើងនឹងជជែកគ្នាពីបញ្ហានេះនៅថ្ងៃនេះ ហើយខ្ញុំគិតថា វានឹងក្លាយជាកាយវិការមួយដ៏អស្ចារ្យ នៅក្នុងករណីដែលពួកគេចង់ធ្វើបែបនោះមែន»។ នេះបើតាមលោក ប៉ុមប៉េអូ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងដំណើរផ្លូវឆ្ពោះទៅកាន់ក្រុងព្យុងយ៉ាង បើទោះជាលោកផ្ទាល់មិនទាន់ទទួលបានការប្ដេជ្ញាចិត្តណាមួយ ពីកូរ៉េខាងជើងក៏ដោយ។
គួរបញ្ជាក់ថា ពលរដ្ឋអាមេរិកទាំងបីនាក់ ដែលកំពុងជាប់ឃុំនៅកូរ៉េខាងជើងពីបទចារកម្ម និងធ្វើសកម្មភាពប្រឆាំងរដ្ឋអំណាចមាន ដូចជាលោក គីម ដុងចុល (Kim Dong-chul), លោក គីម សាងឌុក (Kim Sang-duk) និងលោក គីម ហាក់សុង (Kim Hak-song)។ ប៉ុន្តែ កាលពីសប្ដាហ៍មុន សកម្មជនកូរ៉េខាងត្បូងម្នាក់ បានប្រាប់អ្នកសារព័ត៌មាននៅក្នុងស្រុកថា អ្នកទាំងបីនាក់នេះ ត្រូវបានគេផ្ទេរពីពន្ធនាគារ ទៅកាន់សណ្ឋាគារមួយកន្លែងស្ថិត នៅក្បែរទីក្រុងព្យុងយ៉ាង ហើយដែលនេះគឺជាកាយវិការមួយត្រូវបានគេរំពឹងថា ទីក្រុងព្យុងយ៉ាង អាចនឹងដោះលែងពួកគេឱ្យមានសេរីភាពវិញ នៅមុនជំនួបរវាងលោក ត្រាំ និងលោក គីម៕