(សេអ៊ូល)៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ ដែលជាប់ពន្ធនាគារដោយសារការប្រព្រឹត្តអំពើពុករលួយ និងបទចោទប្រកាន់ដទៃទៀតនោះ ត្រូវបានអនុញ្ញាតឲ្យទៅកាន់មន្ទីរពេទ្យមួយកន្លែងនាថ្ងៃពុធនេះ ដើម្បីពិនិត្យព្យាបាលអាការៈឈឺចាប់នៅផ្នែកខ្នងរបស់លោកស្រី។ នេះបើតាមប្រភពពីអាជ្ញាធរកូរ៉េខាងត្បូង ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃពុធ ទី០៩ ខែឧសភា ឆ្នាំ២០១៨។
បើតាមប្រភពខាងលើ យានជំនិះមួយគ្រឿងដែលដឹកលោកស្រី ផាក បានធ្វើដំណើរមកដល់មន្ទីរពេទ្យមួយកន្លែង ដែលស្ថិតនៅក្នុងសង្កាត់ សឿចូ (Seocho) ភាគខាងត្បូងទីក្រុងសេអ៊ូល នាព្រឹកថ្ងៃពុធនេះ។ អតីតមេដឹកនាំកូរ៉េខាងត្បូងរូបនេះ នាពេលកន្លងទៅ ក៏ធ្លាប់បានទៅមន្ទីរពេទ្យប៉ុន្មានលើកផងដែរ គិតចាប់តាំងពីលោកស្រី ត្រូវបានគេឃុំខ្លួនមក។
កាលពីខែកក្កដាឆ្នាំទៅ លោកស្រី ផាក គឺនហេ បានទទួលការព្យាបាលរបួសម្រាមជើង ដែលលោកស្រីបានទទួលរងពេលស្ថិតនៅក្នុងកន្លែងឃុំឃាំង។ ក្រៅពីនេះលោកស្រី ផាក ក៏ទទួលបានការអនុញ្ញាតឲ្យធ្វើដំណើរទៅកាន់មន្ទីរពេទ្យ កាលពីខែសីហា និងវិច្ឆិកា ឆ្នាំ២០១៧ ថែមទៀតផង សម្រាប់ការពិនិត្យមើលអាការៈឈឺចាប់នៅហ្នឹងខ្នងព្រមទាំងពោះរបស់លោកស្រី រួមជាមួយការធ្វើតេស្តឯទៀតៗ។
គួរជម្រាបថា កាលពីខែមេសាកន្លងទៅ លោកស្រី ផាក គឺនហេ មានវ័យ ៦៦ឆ្នាំ ត្រូវបានតុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសឲ្យជាប់ពន្ធនាគារសម្រាប់រយៈពេល ២៤ឆ្នាំ បន្ទាប់ពីរឿងអាស្រូវពុករលួយ និងការប្រើប្រាស់អំណាចក្នុងផ្លូវខុសបានផ្ទុះឡើងកក្រើកប្រទេសអាស៊ីខាងកើតមួយនេះ រហូតបណ្តាលឲ្យលោកស្រីត្រូវបានគេដកចេញពីមុខតំណែងតែម្តង កាលពីអំឡុងដើមឆ្នាំមុន៕