(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅថ្ងៃពុធនេះ បានធ្វើដំណើរទៅដល់ទីក្រុងតូក្យូហើយ និងចាប់ផ្តើមកិច្ចប្រជុំត្រីភាគីជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ និងនាយករដ្ឋមន្ត្រីចិន លោក លី ខឺជាំង (Li Keqiang)។ ជំនួបនេះត្រូវបានគេរំពឹង ថា នឹងផ្ដោតសំខាន់លើការធ្វើការងាររួមគ្នា ក្នុងការរំសាយមហិច្ឆតានុយក្លេអ៊ែរកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារយ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី០៩ ខែឧសភា ឆ្នាំ២០១៨។
កិច្ចប្រជុំត្រីភាគីរវាងកូរ៉េខាងត្បូង ចិន និងជប៉ុន កើតមានឡើងបន្ទាប់ពីជំនួបកំពូលអន្តរកូរ៉េជាប្រវត្តិសាស្ត្ររវាងលោក មូន ជែអ៊ីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីចុងខែមេសាកន្លងទៅ ជាពេលដែលមេដឹកនាំកូរ៉េទាំងពីរ បានសន្យាធ្វើការងារ រួមគ្នាដើម្បីលុបបំបាត់ទាំងស្រុងនូវអាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ។ ម្យ៉ាងវិញទៀត ដំណើរទស្សកិច្ចរបស់ លោក មូន គឺជាការ បំពេញទស្សនកិច្ចជាលើកដំបូងបំផុត មកកាន់ប្រទេសជប៉ុន ក្នុងនាមជាមេដឹកនាំកូរ៉េខាងត្បូងម្នាក់ គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០១១មក។
គួរបញ្ជាក់ថា បើតាមវិមានប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នឹងត្រូវមានជំនួបទ្វេភាគីជាមួយលោក អាបេ និងលោក Li Keqiang ហើយនៅក្នុងជំនួបជាមួយលោក Li ត្រូវបានគេរំពឹងថា នាយករដ្ឋមន្ត្រីចិនរូបនេះ នឹងប្រាប់ពីលទ្ធផលនៃកិច្ចប្រជុំរវាងលោកប្រធានាធិបតីចិន ស៊ី ជិនពីង និងលោក គីម ជុងអ៊ុន ដែលបានធ្វើឡើងនៅទីក្រុងដាលៀន នៃខេត្តលាវនីង ពីថ្ងៃទី៧-៨ ខែឧសភាកន្លងទៅ៕