ការបោះឆ្នោតសកលនៅម៉ាឡេស៊ី «ចាប់ផ្តើមជាផ្លូវការហើយ» ដោយមានពលរដ្ឋ ១៤លាននាក់ចូលរួម ខណៈបេក្ខជនកំពុងលេចធ្លោមានពីររូប!
09-05-2018 09:38
(គូឡាឡាំពួរ)៖ ប្រជាជនម៉ាឡេស៊ី ១៤លាននាក់ ដែលមានសិទ្ធិបោះឆ្នោត បានចាប់ផ្ដើមធ្វើដំណើរទៅកាន់ការិយាល័យបោះឆ្នោត ហើយនៅថ្ងៃពុធនេះ ខណៈនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបច្ចុប្បន្ន បានអះអាងថា រាល់ការផ្លាស់ប្ដូរមិនមែនសុទ្ធតែល្អទាំងអស់នោះទេ ប៉ុន្តែអតីតនាយករដ្ឋមន្ត្រីវ័យ ៩១ឆ្នាំ បានអះអាងផ្ទុយពីនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី០៩ ខែឧសភា ឆ្នាំ២០១៨។
ការបោះឆ្នោតសកលនៅម៉ាឡេស៊ី ត្រូវបានធ្វើឡើងមុនកាលកំណត់ ក្រោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសយកថ្ងៃទី០៩ ខែឧសភា ជាថ្ងៃដែលប្រជាជនម៉ាឡេស៊ី បោះឆ្នោតជ្រើសរើសសមាជិកសភាទាំង ២២២នាក់ រួមទាំងសមាជិកភាក្នុងរដ្ឋចំនួន ១២ នៃរដ្ឋទាំងអស់ចំនួន ១៣។ លើសពីនេះទៅទៀត ប្រជាជនម៉ាឡេស៊ី ក៏នឹងកំណត់ផងដែរថា តើនាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក ណាជីប រ៉ាហ្សាក់ (Najib Razak) ឬក៏មេដឹកនាំបក្សប្រឆាំងវ័យ ៩២ឆ្នាំ លោក មហាធា ម៉ូហាម៉េដ (Mahathir Mohamad) ដែលនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មី។
គួរបញ្ជាក់ថា ក្រុមអ្នកឃ្លាំមើលការបោះឆ្នោតនៅម៉ាឡេស៊ីបានសម្ដែងក្ដីព្រួយបារម្ភរបស់ពួកគេថា ការបោះឆ្នោតនេះនឹងមិនប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌នោះទេ ខណៈដែលមានបញ្ហាជាច្រើនកើតឡើងនៅអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ដែលអតីតនាយករដ្ឋមន្ត្រីលោក មហាធា បានចោទទៅលើនាយករដ្ឋមន្ត្រីបច្ចុប្បន្នថា បានបង្កើតឡើងក្នុងន័យរារាំងលោក មិនឲ្យចូលរួមប្រកួតប្រជែងការបោះឆ្នោតក្នុងអាណត្តិនេះជាដើម៕