(ព្យុងយ៉ាង)៖ រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) ត្រូវបាន​គេរាយការណ៍​ថា បានធ្វើដំណើរ​ទៅដល់ទីក្រុង​ព្យុងយ៉ាង ហើយ​នៅថ្ងៃពុធនេះ ដើម្បីពិភាក្សា​ជាមួយ​កូរ៉េខាងជើង ជុំវិញការដោះលែង​ពលរដ្ឋអាមេរិក​បីនាក់​ដែលកំពុងជាប់​ឃុំនៅ​រដ្ឋកុម្មុយនិស្តមួយនេះ។ នេះបើតាមការ​ចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី០៩ ខែឧសភា ឆ្នាំ២០១៨។

Reuters ផ្អែកលើប្រភព​ដែលខ្លួនទទួល​​បានបញ្ជាក់​ទៀតថា លោក Mike Pompeo បានទៅដល់​ទីក្រុង​ព្យុងយ៉ាង ដោយធ្វើ​ដំណើរចាកចេញពី​ប្រទេសជប៉ុន ហើយដែល​នេះ​គឺជាដំណើរទស្សកិច្ច​ជាលើកទី ២ របស់លោក​ទៅកាន់​កូរ៉េខាងជើង បន្ទាប់ពី​លោកត្រូវបានគេ​រាយការណ៍​ថា បានបំពេញទស្សនកិច្ចជា​សំងាត់​ក្នុងទីក្រុង​ទីក្រុងព្យុងយ៉ាង កាលពី​ពេលថ្មីៗ​កន្លងទៅនេះ មុនការកើតឡើងនៃជំនួបរវាងលោក មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន។

គួរបញ្ជាក់ថា ព័ត៌មានខាងលើ​មិនទាន់ត្រូវបានមន្ត្រី​អាមេរិក ទទួលស្គាល់​នៅឡើយទេ ប៉ុន្តែបើតាមប្រភព​ដដែល ដំណើរទស្សនកិច្ច​របស់លោករដ្ឋមន្ត្រី​ការបរទេស​អាមេរិក ក៏ផ្ដោតសំខាន់​ផងដែរលើការពិភាក្សា​ស្ដីពីការរៀបចំជំនួប​រវាងលោកត្រាំ និងលោក គីម ជុងអ៊ុន នៅចុង ខែឧសភា ឬនៅដើមខែមិថុនា​ក្រោយនេះ៕