(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើកិច្ចពិភាក្សាមួយតាមទូរស័ព្ទជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅថ្ងៃអង្គារនេះ (ម៉ោងនៅសហរដ្ឋអាមេរិក) ដើម្បីជជែកពីសំណុំរឿងពាណិជ្ជកម្ម និងកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃពុធ ទី០៩ ខែឧសភា ឆ្នាំ២០១៨។
នៅមុនជំនួបនេះ លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់នៅលើ Twitter យ៉ាងដូច្នេះថា «ខ្ញុំនឹងនិយាយទូរស័ព្ទទៅកាន់មិត្តរបស់ខ្ញុំ គឺប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅម៉ោង ៨៖៣០នាទីព្រឹក ហើយប្រធានបទសំខាន់គឺផ្ដោតលើពាណិជ្ជកម្ម ដែលនឹងមានរឿងល្អកើតឡើង ព្រមទាំងសំណុំរឿងកូរ៉េខាងជើង ប្រកបដោយទំនុកចិត្ត និងទំនាក់ទំនងដែលត្រូវកសាងឡើង»។
ដោយឡែក នៅក្នុងជំនួបនេះដែរ លោក ស៊ី ជិងពីង បានប្រាប់លោក ដូណាល់ ត្រាំ ឱ្យមានការយកចិត្តទុកដាក់ចំពោះគោលជំហររបស់ចិន ពាក់ព័ន្ធនឹងបញ្ហានៅលើតំបន់ ឧបទ្វីបកូរ៉េ ហើយថាទីក្រុងប៉េកាំងនឹងបន្តដើរតួនាទីជាវិជ្ជមាន ស្ដីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។
គួរបញ្ជាក់ថា ជំនួបតាមទូរស័ព្ទរវាងលោក ដូណាល់ ត្រាំ និងលោក ស៊ី ជិនពីង ធ្វើឡើងនៅចំពេលមានសេចក្ដីរាយការណ៍ថា លោក ស៊ី ជិនពីង និងលោក គីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង បានបើកកិច្ចជំនួបសម្ងាត់ម្តងទៀតនៅថ្ងៃទី៧-៨ ខែឧសភា៕