(ប៉េកាំង)៖ ទីបំផុតព័ត៌មានសម្ងាត់មួយទៀត ទើបតែត្រូវបានទម្លាយចេញនៅល្ងាចថ្ងៃអង្គារ ទី០៨ ខែឧសភា ឆ្នាំ២០១៨ ដោយបញ្ជាក់ថា លោក ស៊ី ជិនពីង ប្រធានាធិបតីចិន និងលោក គីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង បានបើកកិច្ចជំនួបសម្ងាត់ម្តងទៀតនៅថ្ងៃទី៧-៨ ខែឧសភា ដែលអាចនិយាយបានថា ទើបតែបញ្ចប់ទៅប៉ុន្មានម៉ោងមុននេះប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ បណ្តាញព័ត៌មានទាន់ហេតុការណ៍ និងសារព័ត៌មានស៊ីនហួរ នាល្ងាចថ្ងៃអង្គារនេះតែម្តង។
តាមពិតជំនួបខាងលើនេះ ត្រូវបានរៀបចំឡើងនៅទីក្រុងដាលៀន (Dalian) នៃខេត្តលាវនីង (Liaoning) ភាគខាងជើងប្រទេសចិន ដែលលោក គីម ជុងអ៊ុន បានធ្វើដំណើរមកជួបលោក ស៊ី ជិនពីង ម្តងទៀតតាមរយៈខ្សែរថភ្លើងពិសេស ដូចកាលពីលោកបានធ្វើដំណើរ ទៅទីក្រុងប៉េកាំងខែមុនផងដែរ។
សម្រាប់ការផ្សាយព័ត៌មាននៅតំណាក់កាលដំបូងនេះ គឺមេដឹកនាំទាំងពីរបានធ្វើការពិភាក្សាលើបញ្ហាប្រឈមជាច្រើន ជាពិសេសការផ្លាស់ប្តូរទស្សនស៊ីជម្រៅមួយចំនួន ជុំវិញបញ្ហាទំនាក់ទំនង ចិន-កូរ៉េខាងជើង នៅក្នុងការពិធីទទួលទានអាហាររួមគ្នា។ ដោយឡែកសម្រាប់ការសន្និដ្ឋានបន្ថែមទៀតវិញ គឺមេដឹកនាំទាំងពីរក៏ទំនងជាបានពិភាក្សា គ្នាពាក់ព័ន្ធនឹងគំរោងលោក គីម ត្រូវជួបលោក ដូណាល់ ត្រាំ នៅពេលឆាប់ៗខាងមុខនេះផងដែរ៕