(អ៊ីរ៉ាក់)៖ ការបោះឆ្នោតនឹងប្រព្រឹត្តទៅ នៅតំបន់ពាក់កណ្តាលស្វយ័តរបស់ក្រុមជនជាតិឃើដ នៅភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨។ នេះបើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ដកស្រង់និងចេញផ្សាយបន្តដោយសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃអង្គារ ទី០៨ ខែឧសភា ឆ្នាំ២០១៨។
ព័ត៌មានខាងលើត្រូវបានដកស្រង់ពី សារព័ត៌មានឃើដ រូដរ (Rudaw) ដែលមានទំនាក់ទំនងជិតស្និទ្ធនឹងរដ្ឋបាលតំបន់ឃើដ ហៅកាត់ថា KRG ដែលមានមូលដ្ឋាននៅទីក្រុង អ៊ីប្រ៊ីល (Irbil) ដែលជារដ្ឋធានីរបស់ជនជាតិឃើដ ប្រចាំនៅប្រទេសអ៊ីរ៉ាក់។ ជាមួយចំនួនប្រជាជនប្រមាណ ០៥លាននាក់ តំបន់ឃើដនៅអ៊ីរ៉ាក់ ទទួលបានកម្រិតនៃភាពស្វយ័តខ្ពស់រួចស្រេចទៅហើយ រួមមានទាំងការបង្កើតសភា និងកងកម្លាំងប្រដាប់អាវុធផ្ទាល់ខ្លួនជាដើម។
គួរជម្រាបថា ចាប់តាំងពីមានការឈ្លានពានដឹកនាំដោយសហរដ្ឋអាមេរិក កាលពីឆ្នាំ២០០៣ ដែលបានទម្លាក់អតីតមេដឹកនាំអ៊ីរ៉ាក់ លោក សាដដាំ ហូស្សេន (Saddam Hussein) ចេញពីទំនាក់ទំនងរវាងរដ្ឋាភិបាលតំបន់ KRG និងរដ្ឋាភិបាលកណ្តាលនៅទីក្រុងបាដាដ បានធ្លាក់ចុះដុនដាប ដោយសារតែទំនាស់លើបញ្ហាជាច្រើន រួមមានទាំងការបែងចែកចំណូល ដែលបានមកពីធនធានប្រេង និងការគ្រប់គ្រងទៅលើតំបន់មួយចំនួន ដូចជាទីក្រុងសម្បូរប្រេង ខឺគុក (Kirkuk) ជាដើម។
ដោយឡែក នៅថ្ងៃសៅរ៍សប្តាហ៍ការបោះឆ្នោតសភាអ៊ីរ៉ាក់ ក៏ត្រូវបានគេគ្រោងនឹងប្រព្រឹត្តទៅផងដែរ។ គួររំលឹកផងដែរថា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមជនជាតិឃើដនៅអ៊ីរ៉ាក់ បានរៀបចំធ្វើប្រជាមតិមួយ ដែលក្នុងនោះអ្នកចូលរួមបានបោះឆ្នោតក្នុងសំឡេង ៩៣.២៥ភាគរយ ដើម្បីទាមទារឯករាជ្យចេញពីប្រទេសអ៊ីរ៉ាក់ ប៉ុន្តែរដ្ឋាភិបាលទីក្រុងបាដាដ បានបដិសេធចោលចំពោះភាពស្របច្បាប់នៃការបោះឆ្នោតប្រជាមតិនោះ៕