(ញូយ៉ក)៖ អគ្គរដ្ឋអាជ្ញានៃទីក្រុងញូយ៉ក លោក អេរិក ស្នាយឌើមេន (Eric Scheiderman) កំពុងប្រឈមមុខជាមួយការចោទប្រកាន់ថ្មីផ្សេងទៀត ពាក់ព័ន្ធនឹងការប្រើអំពើហិង្សាផ្លូវភេទ ពីសំណាក់ស្រ្តីចំនួន ០៤នាក់ ដែលមន្រ្តីយុត្តិធម៌អាមេរិករូបនេះ ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអង្គារ ទី០៨ ខែឧសភា ឆ្នាំ២០១៨។
ឆ្លើយតបទៅនឹងការពាក្យសម្តីចោទប្រកាន់ខាងលើ លោក Eric Scheiderman បានធ្វើការបកស្រាយយ៉ាងដូច្នេះថា «នៅក្នុងទំនាក់ទំនង នៃជីវិតផ្លូវភេទឯកជន រូបខ្ញុំបានធ្វើសកម្មភាពបែបដើរតួសម្តែង (Role-Playing) និងទង្វើផ្លូវភេទដទៃៗទៀត ដែលមានការព្រមព្រៀងត្រឹមត្រូវពីដៃគូ។ ខ្ញុំមិនដែលធ្លាប់បានប្រើអំពើហិង្សាទៅលើនរណាម្នាក់ឡើយ ហើយការប្រព្រឹត្តសកម្មភាពផ្លូវភេទ ដែលពុំមានការឯកភាពពីដៃភាគីម្ខាងទៀតនោះ គឺជារឿងដែលខ្ញុំមិនហ៊ានបំពាននោះទេ»។
គួរជម្រាបថា ស្រ្តីពីរនាក់ក្នុងចំណោម ០៤នាក់ បានបញ្ចេញអត្តសញ្ញាណជាសាធារណៈ រួមមានឈ្មោះ មីឈែឡ បារីស (Michelle Barish) និង តាន់យ៉ា សែលវ៉ារ៉ាត់ណាំ (Tanya Selvarathnam)។ ស្រ្តីទាំងពីរនាក់ បានអះអាងថា លោក Schneiderman ជាច្រើនលើកច្រើនសាបានប្រើដៃប្រើជើង ទៅលើខ្លួនប្រាណពួកគេជារឿយៗនោះ គឺក្រោយពីផឹកស្រាស្រវឹង និងជាពិសេសនៅលើគ្រែ ហើយសកម្មភាពទាំងនេះត្រូវបានធ្វើឡើង មិនដែលមានការព្រមព្រៀងពីពួកគេឡើយ។
ភ្លាមៗនោះស្រ្តីទាំងពីរ មិនបានរាយការណ៍ទៅកាន់ប៉ូលិសនោះទេ ប៉ុន្តែពួកគេទៅរកការព្យាបាលពីមន្ទីរពេទ្យ បន្ទាប់ពីបានរងការទះកំផ្លៀងខ្លាំងនៅលើត្រចៀក និងផ្ទៃមុខ ព្រមទាំងត្រូវមកលោក Schneiderman ច្របាច់កធ្ងន់ៗថែមទៀតនោះ។
ជុំវិញករណីខាងលើ នាដើមសប្តាហ៍នេះអភិបាលក្រុងញូយ៉កលោក អាន់ឌ្រូ គួម៉ូ (Andrew Cuomo) បានអំពាវនាវឲ្យលោក Schneiderman ដាក់ពាក្យចុះចេញពីតំណែងជាបន្ទាន់ ព្រោះលោកយល់ថា វាជារឿងសាកសម និងមិនអាចទៅរួចទៀតឡើយសម្រាប់ឲ្យលោក Schneiderman នៅបន្តបម្រើកាន់តួនាទីជាអគ្គរដ្ឋអាជ្ញាតទៅទៀតនោះ៕