(គុយបា)៖ ប្រធានាធិបតីគុយបាថ្មី លោក មីហ្គែល ឌីយ៉ាស់ កាណែល (Miguel Diaz-Canel) នៅថ្ងៃចន្ទសប្ដាហ៍នេះ បានជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) ដែលបានបំពេញដំណើរទស្សនកិច្ចជាលើកដំបូងមកកាន់រដ្ឋធានីឡាហាវ៉ាន់ ដើម្បីចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការសេដ្ឋកិច្ចសម្រាប់តំបន់អាមេរិកឡាទីន និងតំបន់ការ៉ាបៀន (ECLAC) លើកទី ៣៧។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៨ ខែឧសភា ឆ្នាំ២០១៨។
នៅក្នុងដំណើរទស្សនកិច្ចមកកាន់ទីក្រុងឡាហាវ៉ាន់ លោក Guterres ត្រូវបានទទួលស្វាគមន៍ដោយផ្ទាល់ពី លោក Diaz-Canel នៅឯវិមានបដិវត្តន៍គុយបា។ ជាមួយគ្នានោះដែរ បើតាមក្រុមមន្ត្រីគុយបា មេដឹកនាំទាំងពីរបានពិភាក្សាគ្នាជាលក្ខណៈឯកជន ក៏ដូចជា ផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមកផងដែរ ពាក់ព័ន្ធនឹងបញ្ហាសន្តិភាពអន្តរជាតិ និងបញ្ហាសន្តិសុខ ព្រមទាំងការប្រយុទ្ធប្រឆាំង នឹងបម្រែបម្រួលអាកាសធាតុ វិស័យសេដ្ឋកិច្ច និងការធ្វើកំណែទម្រង់សង្គម ដែលចាប់ផ្ដើមឡើងដោយអតីតប្រធានាធិបតីគុយបា លោក រ៉ាអ៊ូល ខាស្ត្រូ (Raul Castro) កាលពីឆ្នាំ២០១០។
គួរបញ្ជាក់ថា បើតាមការគ្រោងទុក លោក Antonio Guterres នឹងថ្លែងសុន្ទរកថានៅឯពិធីបើកកិច្ចប្រជុំ (ECLAC) លើកទី ៣៧ នៅថ្ងៃអង្គារនេះ (ម៉ោងនៅគុយបា) ចំពោះមុខតំណាងប្រទេសអាមេរិកឡាទីន និងការីបៀនទាំងអស់ដែលមកចូលរួម៕