(ប៉ារីស)៖ រដ្ឋមន្ត្រីការពារជាតិនៃប្រទេសបារាំង លោកស្រី ហ្វ្លរ៉ង់ ផាឡេយ (Florence Parley) ព្រមានថា ទីក្រុងប៉ារីសនឹងបើកការវាយប្រហារជាថ្មីលើស៊ីរី បើសិនជាមានការប្រើប្រាស់អាវុធគីមីឡើងវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី០៨ ខែឧសភា ឆ្នាំ០១៨។
លោកស្រី Florence Parley ធ្វើការកត់សម្គាល់បែបនេះ ធ្វើឡើងនៅក្នុងបទសម្ភាសន៍នៃកម្មវិធីផ្សាយផ្ទាល់ ជាមួយវិទ្យុបារាំង RTL នៅថ្ងៃអង្គារនេះតែម្តង។ ថ្លែងនាឱកាសនោះ លោកស្រីរដ្ឋមន្ត្រីការពារជាតិបារាំង បានគូសបញ្ជាក់ដូច្នេះថា «គោលបំណងវាយប្រហាររបស់បារាំងលើស៊ីរី គឺបង្ការកុំឱ្យកងកម្លាំងរដ្ឋាភិបាលលោក បាស្សា អាល់ អាស្សាដ ប្រើប្រាស់អាវុធគីមីជាថ្មីម្ដងទៀត។ តែបើសិនជាវាកើតឡើងម្ដងទៀតមែន នោះយើងនឹងពិចារណាបើកការវាយប្រហារជាថ្មី»។
គួរំលឹកថា កាលពីថ្ងៃទី១៤ ខែមេសា សហរដ្ឋអាមេរិក បារាំង និងអង់គ្លេស បានបាញ់មីស៊ីលចេញពីនាវាមុជទឹកចំនួន ១០៣គ្រាប់ លើមូលដ្ឋានទ័ពស៊ីរី ជាការឆ្លើយតបនឹងការចោទប្រកាន់ថា របបដឹកនាំស៊ីរីបានប្រើប្រាស់អាវុធគីមី នៅក្នុងទីក្រុងឌួម៉ា កាលពីថ្ងៃទី០៧ ខែមេសា បើទោះជាទីក្រុងដាម៉ាស់បដិសេធក៏ដោយ។ ម្យ៉ាងវិញទៀត បើតាមក្រសួងការពារជាតិរុស្ស៊ី ក្នុងចំណោមមីស៊ីល ១០៣គ្រាប់ត្រូវបានប្រព័ន្ធមីស៊ីលរុស្ស៊ីនៅស៊ីរីស្ទាក់ចាប់បាន ៧១គ្រាប់៕