(អាមេរិក)៖ តើវាពិបាកប៉ុណ្ណាទៅក្នុងការផ្លោះរំលងទៅកាន់ប្រព័ន្ធផ្កាយមួយទៀត ដែលនៅក្បែរយើងបំផុត ឬក៏ធ្វើដំណើរកាត់កាឡាក់ស៊ីទាំងមូលនោះ? នៅក្នុងខ្សែភាពយន្តបែបវិទ្យាសាស្រ្តប្រឌិតដូចជា Star Trek និង Star Wars រឿងបែបនេះ មើលទៅហាក់ដូចជាងាយស្រួលណាស់អ៊ីចឹង ពោលគឺនៅពេលដែលពួកហេរ៉ូ (Hero) ទទួលបានសញ្ញាសុំជំនួយពីចម្ងាយនោះ ពួកគេនឹងប្រើប្រាស់នូវបច្ចេកវិទ្យាដែលគេហៅថា Warp Drive ឬ Hyperdirve ហើយទៅដល់គោលដៅដ៏សែនឆ្ងាយនោះ ក្នុងរយៈពេលត្រឹមប៉ុន្មាននាទីឬម៉ោងប៉ុណ្ណោះ។ ប្រសិនយើងអាចអភិវឌ្ឍន៍ប្រព័ន្ធម៉ាស៊ីនរុញច្រានល្បឿន ដែលត្រឹមត្រូវមួយ តើវានឹងអាចទៅរួចដែរទេ សម្រាប់ឲ្យយើងធ្វើដំណើរបានលឿនបែបនេះ នៅក្នុងជីវិតពិតជាក់ស្តែង?
កាលពីជិត ៥០ឆ្នាំមុន មនុស្សលោកយើងបានដើរនៅលើឋានព្រះច័ន្ទ ប៉ុន្តែយើងលែងទៅកាន់ទីនោះទៀតនៅឆ្នាំ១៩៧២ ហើយមិនដែលបានចេញទៅណាឆ្ងាយជាងនេះទៀតឡើយ លើកលែងតែការបញ្ជូនយានអវកាស។ មនុស្សយើងមិនដែលបានទៅដល់ភពព្រហស្បតិ៍ (Jupiter) ដូចជាទៅនឹងអ្វីដែលសៀវភៅ ក៏ដូចជាខ្សែភាពយន្តអវកាសបែបក្លាស៊ិកដ៏ល្បីមានចំណងជើងថា 2001: A Space Odyssey បានសន្យានោះឡើយ ហើយសូម្បីតែភពអង្គារ (Mars) ក៏អ៊ីចឹងដែរ។
តើអ្វីទៅដែលធ្វើឲ្យការធ្វើដំណើរទៅកាន់ទីឆ្ងាយក្នុងលំហអវកាស មានការលំបាកបែបនេះ? ក្រៅពីក្តីកង្វល់ជាក់ស្តែងដូចជាបញ្ហាសុខភាពមនុស្ស (ការរស់នៅក្នុងទីអវកាស ដែលពុំមានកម្លាំងទំនាញលើសពីកម្រិតមួយ ធ្វើឲ្យរូបរាងកាយមនុស្សចុះខ្សោយ) និងបញ្ហាថវិកា នៅមានឧបសគ្គផ្នែកបច្ចេកវិទ្យាដ៏ធំធេងច្រើនទៀត ទាក់ទិនជាមួយការធ្វើដំណើរចេញទៅទីឆ្ងាយៗក្នុងលំហអវកាស។
ស្របពេលដែលអ្នកជំនាញ កំពុងខិតខំធ្វើការសិក្សាជ្រាវជ្រាវ ទៅលើគំនិតនៃការធ្វើដំណើរបែប Interstellar (ឆ្លងប្រព័ន្ធផ្កាយ) ពួកគេបានព្រមានទុកជាមុនថា ក្តីរំពឹងទុកនៃការធ្វើដំណើរក្នុងទីអវកាសបានភ្លាមៗដូចចិត្តរបស់ពួកយើង ប្រហែលជាខ្ពស់ពេកហើយ។ បញ្ហារបស់គំនិតនៃការធ្វើដំណើរលឿនជាងល្បឿនពន្លឺ នៅក្នុងរឿងវិទ្យាសាស្រ្តប្រឌិតភាគច្រើននោះ គឺវាធ្វើឲ្យរឿងដ៏លំបាកយ៉ាងខ្លាំងមួយ មើលទៅហាក់ដូចជាវាមានភាពងាយស្រួលណាស់អ៊ីចឹង។
បញ្ហាផ្សេងៗពាក់ព័ន្ធនឹងការធ្វើដំណើរ Interstellar នោះរួមមានយានអវកាសមួយ ពុំអាចធ្វើដំណើរលឿនដូចទៅនឹងពន្លឺនោះទេ។ មួយវិញទៀត ក្នុងរឿងវិទ្យាសាស្រ្តប្រឌិតខ្លះទៀត គេប្រើប្រាស់ច្រកផ្លូវ Wormhole ដើម្បីដោះស្រាយបញ្ហានៃការធ្វើដំណើរបែបរហ័សភ្លាមៗ។ ប៉ុន្តែ Wormhole ក៏មានបញ្ហារបស់វាដែរ ព្រោះថាវាពិតជាពិបាកខ្លាំង ក្នុងការរិះរកវិធីប្រមូលផ្តុំម៉ាសមកនៅមួយកន្លែងឲ្យបានគ្រប់គ្រាន់ ដើម្បីបង្កើតចេញជា Wormhole មួយ ទោះបីជាប្រហោងខ្មៅ (Black Hole) ត្រូវគេចាត់ទុកថា ជាបេក្ខភាពនាំមុខគេក្នុងបញ្ហានេះក៏ដោយ។ ម៉្យាងវិញទៀតនោះ ក៏មានបញ្ហានៃការស្វែងរកមធ្យោបាយ ដើម្បីធ្វើយ៉ាងណារក្សាឲ្យ Wormhole នៅបើកចំហ និងរបៀបធ្វើដំណើរឆ្លងកាត់ពួកវា ដោយសុត្ថិភាពផងដែរ។
យ៉ាងណាមិញ ទោះបីជាអ្នកសម្រេចបានការធ្វើដំណើរបានលឿនក្បែរល្បឿនពន្លឺ ឬការប្រើប្រាស់ Wormhole ក៏ដោយអ្នកទំនងជានឹងជួបប្រទះបញ្ហាដែលគេហៅថា បាតុភូត Time Dilation។ ខណៈដែលយានអវកាស ធ្វើចលនាក្នុងល្បឿនឆ្ពោះទៅរកល្បឿនពន្លឺ វ័យរបស់អវកាសយានិក ដែលធ្វើដំណើរនៅលើនោះ នឹងវិវត្តន៍ទៅមុខក្នុងកម្រិតយឺតជាងមិត្តភក្តិ និងក្រុមគ្រួសាររបស់ពួកគេ ដែលនៅលើភពកំណើតរបស់ពួកគេ។ នេះបើតាមទ្រឹស្តីរបស់ Special Relativity របស់លោក Albert Einstein ដូច្នេះហើយអ្នកទាំងឡាយ ដែលធ្វើដំណើរវែងឆ្ងាយក្នុងទីអវកាស ប្រហែលជាត្រឡប់មកផ្ទះវិញ ដោយអាចឃើញមនុស្សជាទីស្រឡាញ់របស់ខ្លួន មានវ័យចំណាស់ជាងខ្លួនខ្លាំង ឬក៏បានទទួលមរណភាពបាត់ទៅហើយថែមទៀតផង។
ជុំវិញរឿងនេះ សូម្បីតែអវកាសយានិកទាំងឡាយ នៅលើស្ថានីយអវកាសអន្តរជាតិ ISS ក៏ទទួលរងឥទ្ធិពលនៃ Time Dilation ផងដែរ (ប៉ុន្តែក្នុងកម្រិតមួយ ដែលពុំគួរឲ្យព្រួយបារម្ភនោះទេ) នៅពេលត្រឡប់មកផែនដីវិញ។ រឿងនេះបានកើតឡើងទៅលើអវកាសយានិក លោក Scott Kelly ក្រោយពីបានចំណាយពេលជិត ០១ឆ្នាំ នៅក្នុងទីអវកាស កាលពីចន្លោះឆ្នាំ២០១៥ និងឆ្នាំ២០១៦។ នៅពេលលោកបានត្រឡប់មកផ្ទះវិញ គម្លាតអាយុរបស់លោកជាមួយនឹងបងប្អូនប្រុសភ្លោះរបស់លោក គឺលោក Mark Kelly ដែលជាអវកាសយានិកអាមេរិកដូចគ្នា បានកើន០៥មីលីវិនាទី។
ទោះជាបែបនេះក្តី ការធ្វើដំណើរឆ្លងប្រព័ន្ធផ្កាយនៅតែអាចទៅរួច ប៉ុន្តែតាមតែយើងដឹង ជម្រើសដ៏ប្រសើរបំផុត គឺគិតគូរតែពីតំបន់ក្បែរយើងល្មមៗបានហើយ។ ប្រព័ន្ធផ្កាយដែលនៅកៀកនឹងយើងបំផុត គឺ Alpha Centauri។ Alpah Centauri មានចម្ងាយសមរម្យល្មម ដែលគួរឲ្យចាប់អារម្មណ៍ខ្លាំង គឺតែជាង ០៤ឆ្នាំព ប៉ុណ្ណោះនឹងទៅដល់ហើយ ប្រសិនបើយើងអាចធ្វើដំណើរស្មើនឹងល្បឿនពន្លឺ (ចម្ងាយ០ ៤ឆ្នាំពន្លឺពីផែនដី) ប៉ុន្តែនៅក្នុងល្បឿនដែលយឺតជាងនេះ វានៅតែជាកន្លែងមួយស្ថិតនៅសែនឆ្ងាយដដែល។
ប្រសិនបើយាន Voyager 2 ដែលបានបាញ់បង្ហោះកាលពីឆ្នាំ១៩៧៧ និងបានចូលដល់តំបន់ Interstellar (តំបន់ចន្លោះផ្កាយ គឺវាបានចេញផុតពីដែនសីមានៃប្រព័ន្ធអាទិត្យរបស់យើងហើយ) កាលពីឆ្នាំ២០១២ ត្រូវបានបញ្ជូនទៅកាន់ Alpha Centauri វិញនោះ វានឹងមិនទាន់ទៅដល់ប្រព័ន្ធផ្កាយនេះឡើយ រហូតទាល់តែ ៧៥,០០០ឆ្នាំទៀត។ Voyager 2 មានល្បឿន ១៥គីឡូម៉ែត្រក្នុងមួយវិនាទី ឬ ៥៦,៣២៧គីឡូម៉ែត្រក្នុងមួយម៉ោង។ ហេតុដូចនេះហើយ យើងត្រូវការដំណោះស្រាយដែលលឿនជាងនេះឆ្ងាយណាស់៕