(ប៉េកាំង)៖ ខណៈពិភពលោកកំពុងទន្ទឹមរង់ចាំថា ពេលណា និងទីកន្លែងណា ដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និង មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវជួបគ្នាក្នុងកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រអាមេរិក-កូរ៉េខាងជើងនោះ វានៅតែមិនទាន់ច្បាស់នៅឡើយថា តើហេតុអ្វីបានជាលោក គីម យល់ព្រមចូលរួមកិច្ចចរចា។
ជុំវិញបញ្ហានេះដែរ ក្រុមអ្នកជំនាញមួយចំនួន បានព្យាយាមបកស្រាយថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់ UN និងការព្រមានចុចប៊ូតុងនុយក្លេអ៊ែរអាមេរិក របស់លោក ត្រាំ វាយប្រហារលើកូរ៉េខាងជើង ព្រមទាំងការព្រួយបារម្ភពីទីក្រុងប៉េកាំង ខ្លាចក្រែងសង្រ្គាមផ្ទុះឡើង និងបង្កជាអស្ថេរភាពនៅតាមតំបន់ព្រំដែនរបស់ខ្ល្លួន អាចជាហេតុផលជំរុញឱ្យលោក គីម ជុងអ៊ុន ផ្លាស់ប្ដូរចិត្ត។
សម្រាប់ចិនការរក្សារស្ថេរភាព និងឃាត់មិនឱ្យកូរ៉េខាងជើងបង្ករឿងនៅលើតំបន់ឧបទ្វីបកូរ៉េ អាចជាមធ្យោបាយមួយទប់ស្កាត់កុំឱ្យសហរដ្ឋអាមេរិក មានលេសពង្រីកសកម្មភាពយោធានៅក្នុងតំបន់។ ប៉ុន្តែទីក្រុងប៉េកាំង មិនចង់ឱ្យកូរ៉េខាងជើងទន់ខ្សោយ ហើយក៏មិនចង់ឱ្យកូរ៉េទាំងពីររួមគ្នាដែរ ដ្បិតចិនខា្លចថា បើសិនជាកូរ៉េខាងត្បូង និងកូរ៉េខាងជើងរួមគ្នាក្លាយជាប្រទេសសេរី និងប្រជាធិបតេយ្យ នោះកូរ៉េទាំងមូលមុខជានឹងងាកទៅចងសម្ព័ន្ធភាព ជាមួយសហរដ្ឋអាមេរិកជាក់ជាមិនខាន។
ខាងក្រោមនេះអាចជាវត្ថុបំណងសំខាន់ ដែលចិនចង់បានពីកូរ៉េខាងជើង៖
បើទោះជាមានសេចក្ដីថ្លែងការណ៍រួម Panmunjom កាលពីថ្ងៃទី២៧ ខែមេសាកន្លងទៅ រវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន ក៏ដោយ ក៏គ្មាននរណាម្នាក់អាចទាយទុកជាមុនបានថា ទីក្រុងព្យុងយ៉ាងនឹងយល់ព្រមបោះបង់ចោល អាវុធនុយក្លេអ៊ែរទាំងស្រុងបាននោះដែរ។ ប៉ុន្តែគេអាចដឹងខ្លះៗថា ជាថ្នូរនឹងការបញ្ឈប់កម្មវិធីអាវុធនុយក្លេអ៊ែរ ចិននិងកូរ៉េខាងជើងចង់បាន សម្បទានមួយចំនួនពីអាមេរិក ដោយពួកគេបានស្នើជាយូរណាស់មកហើយឱ្យកងទ័ពអាមេរិក ២៨,៥០០នាក់ ដែលកំពុងឈរជើងនៅកូរ៉េខាងត្បូង ត្រូវបានដកចេញ។ តែសំណើបែបនេះត្រូវបានអ្នកនាំពាក្យ លោក មូន ជែអ៊ីន គឺ លោក គីម អ៊ុយគ្យឿម (Kim Eui-kyeom) បដិសេធថា មិនអាចយកមកចរចាគ្នាបាននោះទេ។
មួយវិញទៀត បើទោះជាទីក្រុងវ៉ាស៊ីនតោន មិនបានរក្សាអាវុធនុយក្លេអ៊ែរ នៅកូរ៉េខាងត្បូង ចាប់តាំងពីដើមទសវត្សរ៍៩០ក្ដី សហរដ្ឋអាមេរិកបានសន្យាការពារកូរ៉េខាងត្បូង និងជប៉ុន ជាមួយអ្វីដែលខ្លួនហៅថា «ឆ័ត្រនុយក្លេអ៊ែរ» មានដូចជាយន្ដហោះទម្លាក់គ្រាប់បែក និងនាវាមុជទឹកជាដើម។ លើសពីនេះទៅទៀតដោយអះអាងថា ដើម្បីការពារទីក្រុងសេអ៊ូល ពីការវាយប្រហារដោយគ្រាប់មីស៊ីលកូរ៉េខាងជើង ទីក្រុងវ៉ាស៊ីនតោនបានដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារដែនអាកាស THAAD នៅលើទឹកដីកូរ៉េខាងត្បូង។
ប៉ុន្តែចិនចាត់ទុកថា វាគឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងមានគោលដៅលើខ្លួន ហើយដែលនេះកំពុងបង្កើតជាសំណួថា តើចិនបានប្រាប់ឱ្យទីក្រុងព្យុងយ៉ាង ឱ្យស្នើអាមេរិកដកប្រព័ន្ធមីស៊ីលនេះដែរ ឬទេ នៅក្នុងជំនួបជាមួយលោក ត្រាំ។
គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន ត្រូវបានគេមើលឃើញថា មានភាពទន់ភ្លន់ច្រើន បន្ទាប់ពីលោកបំពេញដំណើរទស្សនកិច្ចទៅកាន់ ទីក្រុងប៉េកាំងកាលពីចុងខែមីនា ដែលជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូង ចាប់តាំងពីលោកឡើងកាន់អំណាចបន្តពីឪពុក គឺលោក គីម ជុងអ៊ីល (ស្លាប់) កាលពីខែធ្នូ ឆ្នាំ២០១១មក។ បន្ថែមពីលើនេះ ដំណើរទស្សនកិច្ចនេះទៀតសោត ក៏ត្រូវបានក្រុមអ្នក ជំនាញសង្ស័យដែរថា បានកើតឡើងដោយសារតែសម្ពាធរបស់ចិន ពោលគឺក្រោយពី លោក សង តាវ (Song Tao) ប្រធាននាយកដ្ឋានទំនាក់ទំនង អន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ដចិន បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង កាលពីខែមេសា៕ (ប្រភព៖ Asia Times)