(វ៉ាស៊ីនតោន)៖ របាយការណ៍​មួយ​របស់ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ ឬ FBI បានរក​ឃើញថា ករណីបាញ់​ប្រហារសម្លាប់​មនុស្ស​ចំនួន​ ៥០ករណី បានកើតមាន​ឡើងនៅ​សហរដ្ឋអាមេរិក កាលពី​ឆ្នាំ២០១៦ និងឆ្នាំ២០១៧ ដែលវា​បានកើត​មាន ១០ដង​ច្រើនជាង​អំឡុង​ឆ្នាំ២០១៤ និង​ឆ្នាំ២០១៥។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃអង្គារ ទី០៨ ខែឧសភា ឆ្នាំ២០១៨។

តួលេខ​ខាងលើ​របស់​ទីភ្នាក់ងារ FBI បានបញ្ជាក់ឲ្យ​ឃើញយ៉ាង​ជាក់ស្តែងថា សហរដ្ឋអាមេរិក កំពុងជួបប្រទះ​ករណី​កាន់​តែ​ច្រើន​​ឡើង ​​នៃ​​​ការ​បាញ់ប្រហារ​បែប Active Shooter ដែល FBI បានរៀបរាប់ថា ជាសកម្មភាពដែល​បុគ្គលម្នាក់ ឬច្រើន​ចូលរួមយ៉ាង​សកម្ម​នៅក្នុងការ​​ប្រើប្រាស់កាំភ្លើង​បាញ់សម្លាប់ ឬក៏ព្យាយាមបាញ់​សម្លាប់​មនុស្ស នៅតាមកន្លែង​ទីប្រជុំជន។

យោងតាម​របាយការណ៍​ដដែល ករណីបាញ់ប្រហារ​សម្លាប់មនុស្ស​ទាំង ៥០ករណីនេះ បានកើតឡើង​នៅក្នុងរដ្ឋចំនួន ២១ ​របស់​សហរដ្ឋអាមេរិក ដែលបានផ្តាច់​យកជីវិត​មនុស្ស ២២១នាក់ និងធ្វើឲ្យ​របួស ៧២២នាក់។ ក្នុងចំណោម​នោះ ២០ករណី ត្រូវចាត់ចូល​ជាករណីសម្លាប់​រង្គាល ដែលមានន័យ​ថា មានចាប់ពីមនុស្សចំនួន ០៣នាក់ និងច្រើនជាងនេះ​បានបាត់បង់ជីវិត នៅក្នុង​ការបាញ់ប្រហារ​​មួយ។

គួរជម្រាបថា ករណីបាញ់ប្រហារ​សម្លាប់មនុស្ស ​ដែលអាក្រក់បំផុតក្នុងអំឡុងពេល ០២ឆ្នាំខាងលើ រួមមានករណី​នៅទីក្រុង​ឡាស់វេហ្គាស កាលពីខែតុលា ឆ្នាំ២០១៧ ដែលបណ្តាល​ឲ្យស្លាប់មនុស្ស ៥៨នាក់ ព្រមទាំងករណី​នៅក្លឹបកម្សាន្ត​ពេលរាត្រីក្នុង​ទីក្រុងអូឡាន់ដូ ក៏ដូចជា​ករណីនៅព្រះវិហារ​យេស៊ូគ្រិស្ត​ក្នុងរដ្ឋ​តិចសាស់។

ដោយឡែក​កាលពីអំឡុង​ឆ្នាំ២០១៤ ដល់ឆ្នាំ២០១៥វិញ ករណីបាញ់សម្លាប់​មនុស្សបែបនេះ​ចំនួន ៤០ករណី បាន​បណ្តាលឲ្យ​មានអ្នកស្លាប់ចំនួន ២៣១នាក់ នៅក្នុង​ប្រទេស​មួយនេះ៕