(ប៊ែរឡាំង)៖ មនុស្សយ៉ាងតិច ០២នាក់បានបាត់បង់ជីវិត និងមួយចំនួនទៀតរងរបួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ផ្លូវដែកមួយ ដោយរថភ្លើងចំនួនពីរខ្សែបានប៉ះទង្គិចគ្នាយ៉ាងពេញទំហឹង កាលពីវេលាយប់ថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅក្នុងតំបន់) ក្នុងតំបន់ភាគខាងត្បូងប្រទេសអាល្លឺម៉ង់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែឧសភា ឆ្នាំ២០១៨។
យោងតាមអាជ្ញាធរអាល្លឺម៉ង់ នៅឯស្ថានីយមួយកន្លែងក្នុងក្រុង អៃចាច់ (Aichach) នៃរដ្ឋ បាវ៉ារៀន (Bavaria) រថភ្លើងដឹកទំនិញមួយគ្រឿង បានបុកជាមួយរថភ្លើងមួយខ្សែទៀតដែលដឹកអ្នកដំណើរ ហើយហេតុការណ៍គ្រោះថ្នាក់នេះ បានបណ្តាលឲ្យមនុស្សពីរនាក់ស្លាប់ និងប្រមាណជាង ១០នាក់បានរងរបួស ក្នុងនោះពីរនាក់រងរបួសធ្ងន់។
គួរជម្រាបថា ក្រុមមន្រ្តីប៉ូលិសត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវស្វែងរកមូលហេតុ ដែលបានបង្កឲ្យមានគ្រោះថ្នាក់ដ៏អាក្រក់នេះ៕