(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា នឹងប្រកាសពីការសម្រេចចិត្តរបស់លោក ដោយគួរតែបន្តរក្សា ឬបោះបង់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលលោកចាត់ទុកថា ជាកិច្ចព្រមព្រៀងដ៏អាក្រក់បំផុតសម្រាប់សហរដ្ឋអាមេរិក នៅថ្ងៃអង្គារនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែឧសភា ឆ្នាំ២០១៨។
ថ្លែងនៅលើ Twitter នៅថ្ងៃចន្ទសប្ដាហ៍នេះ លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំនឹងប្រកាសពីការសម្រេចចិត្តរបស់ខ្ញុំ លើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ នៅថ្ងៃស្អែកនេះ ចេញពីសេតវិមាននៅម៉ោង ២៖០០រសៀល (ម៉ោងនៅសហរដ្ឋអាមេរិក)»។ ប៉ុន្តែទន្ទឹមគ្នា ក្រុមអ្នកជំនាញខ្លះក៏បានព្រមានដែរថា បើសិនជាសហរដ្ឋអាមេរិកដកខ្លួនចេញកិច្ចព្រមព្រៀងនេះ នោះអ៊ីរ៉ង់នឹងបង្កើនការ ផលិតសារធាតុអ៊ុយរ៉ាញ៉ូមឡើងវិញ។
បន្ថែមពីនេះ កាលពីដំបូងឡើយលោក ត្រាំ ធ្លាប់បានអះអាងថា លោកនឹងប្រកាសពីការសម្រេចចិត្តរបស់លោក នៅថ្ងៃទី១២ ខែឧសភា។ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ត្រូវបានធ្វើឡើងកាលពីខែកក្កដា ឆ្នាំ២០១៥ រវាងអ៊ីរ៉ង់ និងមហាអំណាចប្រាំបូកមួយ ក្នុងនោះមានដូចជា សហរដ្ឋអាមេរិក ចិន រុស្ស៊ី អង់គ្លេស បារាំង និងអាល្លឺម៉ង់ ក្នុងគោលបំណងដកទណ្ឌកម្មសេដ្ឋកិច្ចជាថ្នូរនឹងការ បញ្ឈប់កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។
គួរបញ្ជាក់ថា បើតាមការវិភាគដែលបានចេញផ្សាយដោយ Reuters កាលពីសប្តាហ៍មុននេះ ផ្អែកលើកិច្ចព្រមព្រៀងកាលពីឆ្នាំ២០១៥ ទីក្រុងតេហេរ៉ង់យល់ព្រមបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការដកទណ្ឌកម្មសេដ្ឋកិច្ច។ ប៉ុន្តែការដកខ្លួនរបស់ទីក្រុងវ៉ាស៊ីនតោន អាចនឹងធ្វើឱ្យកិច្ចព្រមព្រៀងនេះ រលាយទៅតាមខ្យល់។ ម្យ៉ាងទៀត បើសិនជារឿងនេះកើតឡើងមែន អ៊ីរ៉ង់អាចនឹងសងសឹកវិញ ដោយបំផ្លាញផលប្រយោជន៍អាមេរិក និងសម្ព័ន្ធមិត្តរបស់វ៉ាស៊ីនតោន នៅក្នុងតំបន់មជ្ឈិមបូព៌ា។
ខាងក្រោមនេះ គឺជាសេណារីយ៉ូដែលអាចនឹងកើតឡើង៖
* នៅអ៊ីរ៉ាក់៖ នៅពេលដែលពួក ISIS វាយគ្រប់គ្រងតំបន់ជាច្រើនរបស់អ៊ីរ៉ាក់ កាលពីឆ្នាំ២០១៤ អ៊ីរ៉ង់បានចេញមុខគំាទ្រទីក្រុងបាកដាដ ដោយមិនបង្អង់យូរឡើយ។ ចាប់តាំងពីពេលនោះមក អ៊ីរ៉ង់បានចាប់ផ្ដើមបំពាក់អាវុធ និងបណ្ដុះបណ្ដាលក្រុមអ្នកប្រយុទ្ធស៊ីអ៊ីតនៅអ៊ីរ៉ាក់ ដែល គេស្គាល់ថា «កងកម្លាំងចលនាប្រជាជន ឬ Popular Mobilization Forces (PMF)»។ ដូច្នេះបើសិនជាកិច្ចព្រមព្រៀងនុយក្លេអ៊ែររលាយ នោះអ៊ីរ៉ង់នឹងជំរុញឱ្យ PMF ដែលជាអ្នកចង់ឱ្យសហរដ្ឋអាមេរិក ដកកងទ័ពចេញពីអ៊ីរ៉ាក់ធ្វើសកម្មភាពប្រឆាំង ក្នុងនោះរួម មានទាំងការប្រើប្រាស់កម្លាំងយោធា ឬក៏ដឹកនាំការវាយប្រហារលើកងទ័ពអាមេរិក។ ការវាយប្រហារលើកងទ័ពអាមេរិក អាចនឹងត្រូវធ្វើឡើងដោយគ្រាប់រ៉ុក្កែត ឬក៏ការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត នៅតាមផ្លូវក្នុងប្រទេសអ៊ីរ៉ាក់ជាដើម។
* នៅស៊ីរី៖ អ៊ីរ៉ង់ និងកងកម្លាំងជាសម្ព័ន្ធមិត្តដូចជា ក្រុមហេសប៊ូលឡាលីបង់បាននិងកំពុងចូលរួមក្នុងសង្រ្គាមស៊ីរី ចាប់តាំងពីឆ្នាំ២០១២មកម្ល៉េះ។ អ៊ីរ៉ង់បានផ្ដល់អាវុធ និងបណ្ដុះបណ្ដាលកងកម្លាំងប៉ារ៉ាស៊ីអ៊ីត ដើម្បីគាំទ្រកងកម្លាំងរដ្ឋាភិបាលស៊ីរី ហើយបើតាមអ៊ីស្រអែល ទីក្រុងតេហេរ៉ង់បានជ្រើសរើសក្រុមអ្នកប្រយុទ្ធស៊ីអ៊ីត យ៉ាងហោចណាស់ចំនួន ៨០,០០០នាក់។ វត្តមានរបស់អ៊ីរ៉ង់ នៅស៊ីរីបាននាំឱ្យអ៊ីរ៉ង់ និងអ៊ីស្រាអែល ប៉ះទង្គិចគ្នាដោយផ្ទាល់ជាលើកដំបូង ដោយយន្ដហោះចម្បាំងអ៊ីស្រាអែល បានដឹកនាំការវាយប្រហារតាមផ្លូវអាកាស ជាច្រើនលើកលើមូលដ្ឋានរបស់ក្រុមអ្នកប្រយុទ្ធអ៊ីរ៉ង់ និងក្រុមហេសប៊ូលឡា ក្នុងពេលប៉ុន្មានខែចុងក្រោយនេះ។ លើសពីនេះទៅទៀត ក្រុមមន្ត្រីអ៊ីស្រាអែល ក៏បានអះអាងដែរថា ពួកគេនឹងមិនបណ្ដោលឱ្យទីក្រុងតេហេរ៉ង់ និងហេសប៊ូលឡា បង្កើតវត្តមានយោធា ជាអចិន្ត្រៃយ៍នៅស៊ីរីជាដាច់ខាត។
បើសិនជាកិច្ចព្រមព្រៀងនុយក្លេអ៊ែររលាយ នោះអ៊ីរ៉ង់នឹងកាន់តែបង្កើនសកម្មភាពនៅស៊ីរី ក៏ដូចជាអំពាវនាវឱ្យក្រុមអ្នកប្រយុទ្ធស៊ីអ៊ីត បើកការវាយប្រហារប្រឆាំងនឹងអ៊ីសា្រអែល។ អ៊ីរ៉ង់ និងកងកម្លាំងសម្ព័ន្ធមិត្តរបស់ខ្លួន កំពុងគ្រប់គ្រងដែនដីស៊ីរីមួយផ្នែកធំ ដែលនេះ នឹងក្លាយជាបញ្ហាមួយដ៏ធំ ដល់កងទ័ពអាមេរិកជាង ២,០០០នាក់ ដែលកំពុងឈរជើងនៅភាគខាងជើង និងភាគខាងកើតប្រទេសស៊ីរី ដើម្បីគាំទ្រកងកម្លាំងឃើដ។ ដោយឡែកកាលពីខែមេសា កន្លងទៅទីប្រឹក្សាជាន់ខ្ពស់ នៃមេដឹកនាំកំពូលអ៊ីរ៉ង់ធ្លាប់បាននិយាយថា ស៊ីរី និងសម្ព័ន្ធមិត្តសង្ឃឹមថា នឹងអាចបណ្ដេញសហរដ្ឋអាមេរិកចេញពីតំបន់ភាគខាងកើតនេះ។
* នៅលីបង់៖ កាលពីឆ្នាំ២០០៦ ក្រុមហេសប៊ូលឡាបានវាយប្រយុទ្ធគ្នាជាមួយអ៊ីស្រាអែល ក្នុងសង្រ្គាមនៅតំបន់ព្រំដែនរយៈពេល ៣៤ថ្ងៃ។ យោងតាមអ៊ីសា្រអែល និងសហរដ្ឋអាមេរិក អ៊ីរ៉ង់កំពុងជួយក្រុមហេសប៊ូលឡា សាងសង់រោងចក្រផលិតគ្រាប់មីស៊ីល។ កងកម្លាំងអ៊ីស្រាអែល ក៏ត្រូវបានគេរាយការណ៍ដែរថា បានវាយប្រហារលើក្រុមហេសប៊ូលឡានៅស៊ីរី ជាទីដែលក្រុមនេះកំពុងដឹកនាំក្រុមអ្នកប្រយុទ្ធស៊ីអ៊ីត ជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់។ ក្រុមហេសប៊ូលឡា គឺចលនានយោបាយមួយដ៏ធំនៅក្នុងប្រទេសលីបង់ ហើយក្រុមមួយនេះធ្លាប់បានអះអាងថា ខ្លួននឹងដកក្រុមអ្នកប្រយុទ្ធស៊ីអ៊ីតរាប់ពាន់នាក់ ពីបណ្ដាប្រទេសមួយចំនួន ក្នុងនោះមានដូចជា អ៊ីរ៉ង់ និងអ៊ីរ៉ាក់ ត្រឡប់មកកាន់លីបង់វិញ ដើម្បីជួយហេសប៊ូលឡា។
ដូច្នេះបើសិនជាលោក ត្រាំ ពិតជាយកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ នោះទីក្រុងតេហេរ៉ង់ នឹងដាក់សម្ពាធលើក្រុមហេសប៊ូលឡា កម្ចាត់ក្រុមអ្នកប្រឆាំងនឹងពួកគេ ខណៈក្រុមអ្នកជំនាញខ្លះយល់ថា វាអាចជាការបង្កភាពចលាចលនៅលីបង់ ដែលជាប្រទេសជាប់ព្រំដែនភាគខាងជើងអ៊ីស្រាអែល និងភាគនិរតីស៊ីរី។
* នៅយ៉េមែន៖ អ៊ីរ៉ង់មិនដែលទទួលស្គាល់ថា ខ្លួនបានចូលរួមដោយផ្ទាល់ក្នុងសង្រ្គាមនៅយ៉េមែននោះទេ។ ប៉ុន្តែក្រុមមន្ត្រីអាមេរិក និងអារ៉ាប៊ីសាអូឌីត បាននិយាយថា អ៊ីរ៉ង់បាននិងកំពុងគាំទ្រក្រុមឧទ្ទាមស៊ីអ៊ីតហ៊ូទី ជាមួយនឹងការផ្គត់ផ្គង់មីស៊ីល និងអាវុធជាច្រើន។ ក្រុមឧទ្ទាមហ៊ូទី បានបាញ់មីស៊ីលតម្រង់ទៅកាន់ទីក្រុងរីយ៉ាដ និងរោងចក្រប្រេងអារ៉ាប៊ីសាអូឌីត ជាច្រើនលើកច្រើនសារដោយអះអាងថា វាគឺជាការសងសឹកនឹងទីក្រុងរីយាដ សម្រាប់ការដឹកនាំការវាយប្រហារតាមផ្លូវអាកាស ប្រឆាំងនឹងពួកគេនៅយ៉េមែន។ ដូច្នេះបើកិច្ចព្រមព្រៀងនុយក្លេអ៊ែររលាយ នោះអ៊ីរ៉ង់អាចនឹងបង្កើនការគាំទ្រដល់ក្រុមឧទ្ទាមហ៊ូទី ដែលនេះអាចនឹងទទួលបានចម្លើយតបវិញភ្លាមៗ ក្នុងនោះរួមមានទាំង ការប្រើប្រាស់កម្លាំងយោធាពីអារ៉ាប៊ីសាអ៊ូឌីត និងបណ្ដាប្រទេសក្នុងឈូងសមុទ្រហ្គូល ដូចជាអេមីរ៉ាអារ៉ាប់រួមជាដើម។
* សន្ធិសញ្ញា៖ អ៊ីរ៉ង់មានជម្រើសដោយផ្ទាល់ជាច្រើន ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ។ ក្រុមមន្ត្រីអ៊ីរ៉ង់បាននិយាយថា ពួកគេកំពុងពិនិត្យលើជម្រើសមួយ ដែលដកអ៊ីរ៉ង់ចេញពីកិច្ចព្រមព្រៀង មិនរីកសាយភាយអាវុធនុយក្លេអ៊ែរ Non-Proliferation Treaty (NPT) ទាំងស្រុង។ កិច្ចព្រមព្រៀងនេះបានចែងពីការបញ្ឈប់ និងការមិនធ្វើឱ្យរីកសាយអាវុធនុយក្លេអ៊ែរ។ ចំណែកឯមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ធ្លាប់បានអះអាងថា អ៊ីរ៉ង់មិនមានបំណងអាវុធនុយក្លេអ៊ែរឡើយ ប៉ុន្តែបើសិនជាអ៊ីរ៉ង់ដកខ្លួនចេញពី NPT វានឹងធ្វើឱ្យអ៊ីរ៉ង់ បានដៃក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។
ដូច្នេះបើសិនជាលែងមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ទីក្រុងតេហេរ៉ង់នឹងបង្កើនការផលិតសារធាតុអ៊ុយរ៉ាញ៉ូមឡើង ដូចដែលប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី ធ្លាប់បានព្រមានលោក ដូណាល់ ត្រាំ។ មួយវិញទៀត ទីភ្នាក់ងារអាតូមិចបានបញ្ជាក់ថា បច្ចុប្បន្នអ៊ីរ៉ង់មានសមត្ថភាពផលិត ឬចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមក្នុងកំរិតមួយខ្ពស់បំផុត នៅមុនពេលអ៊ីរ៉ង់ចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរទៅទៀត។
គួរបញ្ជាក់ថា នៅថ្ងៃទី១២ ខែឧសភាខាងមុខនេះបានបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងសម្រេចចិត្តថា ត្រូវបន្តរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីឆ្នាំ២០១៥ ដែរឬក៏យ៉ាងណា ខណៈក្រុមអ្នកជំនាញមើលឃើញថា ប្រធានាធិបតីអាមេរិករូបនេះ នឹងយកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងមួយនេះ តាមការចង់បានរបស់អ៊ីស្រាអែល៕