(ម៉ូស្គូ)៖ ក្រសួង​ការពារជាតិរុស្ស៊ី​បានឱ្យដឹងថា ឧទ្ធម្ភាគចក្រ​ប្រយុទ្ធរុស្ស៊ីមួយ​គ្រឿងធុន Ka-52 បានធ្លាក់​នៅឯ​ភាគខាងកើត​ប្រទេស​ស៊ីរី ដោយផ្ដាច់យក​ជីវិតអាកាសយានិកពីរនាក់ ដែលជិះ​នៅលើ​នោះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែឧសភា ឆ្នាំ២០១៨។

នៅក្នុង​សេចក្ដីថ្លែងការណ៍​ចេញផ្សាយដោយសារព័ត៌មាន Sputnik ក្រសួង​ការពារជាតិរុស្ស៊ី​បានបញ្ជាក់ទៀត​ថា ឧទ្ធម្ភាគចក្រ Ka-52 បានធ្លាក់​នៅអំឡុងពេល​ហោះហើរ​ពីលើដែនអាកាស​ នៃតំបន់ភាគ​ខាងកើត​ប្រទេស​ស៊ីរី ចំណែកឯ​បញ្ហាបច្ចេកទេស​អាចជា​មូលហេតុ នៃគ្រោះ​ថ្នាក់នេះ។

គួររំលឹកថា កាលពីដើម​ខែឧសភា យន្តហោះចម្បាំង​​រុស្ស៊ីធុន Su-30SM មួយគ្រឿង​ក៏បានធ្លាក់នៅ​ក្នុងប្រទេស​ស៊ីរី​ផងដែរ ដោយ​បណ្ដាលឱ្យ​អាកាស​យានិក​ទាំងពីរនាក់​​នៅលើយន្តហោះ​នោះ ​បានបាត់​បង់ជីវិត។ យន្តហោះ​ចម្បាំង​នេះបានធ្លាក់ក្នុង​អំឡុងពេល​ហោះ​ហើរ​នៅលើ​ផ្ទៃ​សមុទ្រ​​មេឌី​ទែ​រ៉ាណេ ក្រោយពីវា​ទើបតែបាន​ធ្វើដំណើរ​​ចេញពីមូលដ្ឋានទ័ព​​អាកាសរុស្ស៊ី ហាមៃមីម (Hmeymim) ប្រចាំ​នៅ​ក្នុង​ប្រទេសស៊ីរី៕