លោក ដូណាល់ ត្រាំ កំពុងអន្ទះសារចង់ជួបលោក គីម ជុងអ៊ុន ខណៈទីតាំងនៃកិច្ចប្រជុំត្រូវបានកំណត់រួចរាល់...
08-05-2018 08:58
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងតែអន្ទះសារចង់ជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ខណៈការប្រកាសពីទីតាំង និងកាលបរិច្ឆេទសម្រាប់កិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង នឹងធ្វើឡើងនៅក្នុងពេលឆាប់ៗនេះ។ នេះបើតាមសេចក្តីថ្លែងការណ៍ពីសេតវិមានរដ្ឋធានីវ៉ាស៊ីនតោន ដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែឧសភា ឆ្នាំ២០១៨។
យ៉ុនហាប់តាមរយៈការដកស្រង់សម្ដី ពីមន្ត្រីទីប្រឹក្សាសន្តិសុខជាតិសេតវិមានមួយរូប បានគូសបញ្ជាក់យ៉ាងដូច្នេះថា «លោកប្រធានាធិបតី ត្រាំ កំពុងអន្ទះសារចង់ជួបជាមួយលោក គីម ជុងអ៊ុន ហើយសង្ឃឹមថា ការប្រកាសពីទីតាំង និងកាលបរិច្ឆេទក្នុងពេលឆាប់ៗនេះ»។ ដោយឡែកជុំវិញជំនួបជាប្រវត្តិសាស្ត្រនេះដែរ កាលពីថ្ងៃសុក្រសប្ដាហ៍មុន លោក ត្រាំ បាននិយាយថា កាលបរិច្ឆេទ និងទីតាំងត្រូវជួបលោក គីម ត្រូវបានកំណត់រួចហើយ ប៉ុន្តែលោកមិនបានបញ្ជាក់អ្វីលម្អិតនោះទេ ដោយត្រូវរង់ចាំពេលបន្តិចទៀត។
គួរបញ្ជាក់ថា ជំនួបរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន គ្រោងនឹងធ្វើឡើងនៅចុងខែឧសភា ឬនៅដើមខែមិថុនា ចំណែក ឯទីតាំងដែលគេរំពឹងខ្ពស់ថា អាចនឹងរៀបចំជំនួបនេះ គឺប្រទេសសិង្ហបុរី ឬតំបន់ព្រំដែនគ្មានយោធារវាងកូរ៉េទាំងពីរ។ ប៉ុន្តែបើតាមក្រុមមន្ត្រីកូរ៉េខាងត្បូង ទាំងកាលបរិច្ឆេទ និងទីតាំងទំនងជាអាចនឹងត្រូវប្រកាសនៅក្រោយជំនួបរវាងលោក មូន ជែអ៊ីន និងលោក ដូណាល់ ត្រំា នៅថ្ងៃទី២២ ខែឧសភានេះ៕